អន្តរជាតិ

ចំនួនអ្នកមរណភាពដោយកូវីដ ១៩នៅអាមេរិកកើនដល់ជាង ៦០ម៉ឺននាក់ដូចគ្នានឹងតួលេខអ្នកមរណភាពដោយជំងឺមហារីកកាលពីឆ្នាំ ២០១៩ដែរ

BY
Pheakdey
June 16, 2021

អាមេរិក៖ គិតត្រឹមព្រឹកថៃពុធ ទី ១៦ ខែ មិថុនានេះ​ ចំំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានកើនដល់ ៦១៥,៦៨១ នាក់ហើយ បើទោះជាឥទ្ធិពលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ និងស្លាប់ដោយកូវីដ ១៩ ប្រចាំថ្ងៃនៅអាមេរិកបា​នថយចុះយ៉ាងច្រើនក៏ដោយ។ ជាមួយនឹងតួលេខអ្នកស្លាប់ជាង ៦០​ម៉ឺននាក់នេះ ស្ថាប័នសារព័ត៌មានជាច្រើនបានធ្វើការចាប់អារម្មណ៍ផ្សេងៗគ្នាដោយក្នុងនោះបណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ នៅអាមេរិក​បានកើនឡើងខ្ពស់ដូចគ្នាទៅនឹងតួលេខអ្នកស្លាប់ដោយជំងឺមហារីកនៅអាមេរិកកាលពីឆ្នាំ ២០១៩ ផងដែរ។

សាកលវិទ្យាល័យ Johns Hopkins University របស់អាមេរិកបានធ្វើការចាប់អារម្មណ៍ថា ចំនួនអ្នកស្លាប់នេះគឺមានច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងក្រុង Baltimore និងក្រុង Milwaukee ក្នុងសហរដ្ឋអាមេរិកទៅទៀត។ គួរម្លឹកថា បច្ចុប្បន្ននេះតួលេខអ្នកស្លាប់ដោយកូវីដ ១៩នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹមប្រមាណជា ៣៤០នាក់ក្នុងមួយថ្ងៃ ខណៈកាលពីមិនទាន់មានវ៉ាក់សាំងតួលេខអ្នកស្លាប់ជាមធ្យមមានរហូតដល់ ៣,៤០០ នាក់ឯនោះក្នុងមួយថ្ងៃ។ ដោយឡែកចំនួនអ្នកឆ្លងថ្មីវិញបានធ្លាក់មកសល់ត្រឹមប្រមាណជា ១៤,០០០ នាក់ក្នុងមួយថ្ងៃ ខណៈមុនពេលមានវ៉ាក់សាំងតួលេខនេះមានរហូតដល់ខ្ទង់ ២៥ម៉ឺននាក់ក្នុងមួយថ្ងៃ និងបើគិតជារួមត្រឹមពេលនេះអាមេរិកមានអ្នកឆ្លងសរុបប្រមាណជាង ៣៤ លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: