រថយន្តស៊េរីទំនើបៗគេចពន្ធខុសច្បាប់ជាច្រើនគ្រឿងមានតម្លៃជាង១លានដុល្លារ ត្រូវបានអាជ្ញាធរហ្វីលីពីនកម្ទេចចោលទុកជាការព្រមាន
ហ្វីលីពីន៖ កាលពីថ្ងៃទីសុក្រ ទី ១៨ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ គួររម្លឹកថា សម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះត្រូវបានការិយាល័យគយហ្វីលីពីនធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ ២០២១ នេះ ដោយរថយន្តទាំងនោះគឺសុទ្ធតែជារថយន្តដែលលួចនាំចូលដោយមិនបានបង់ពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា រថយន្តប្រណិតដែលត្រូវបានគេកម្ទេចចោលលើកនេះមានចំនួន ២១ គ្រឿង ដូចជារថយន្តម៉ាក McLaren 620R មួយគ្រៀង, Hyundai Geneis មួយគ្រឿង, Bentley មួយគ្រឿង, Porsche 911មួយគ្រឿង, Mercedes-Benz មួយគ្រឿង, Lotus មួយគ្រឿង, Toyota Solara មួយគ្រឿង និងក្រៅពីនេះជារថយន្ត Mitsubishi Jeeps។ តាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា រថយន្តទាំងអស់នេះមានតម្លៃសរុបប្រមាណជា ១,៦២ លានដុល្លាអាមេរិក ហើយការកម្ទេចរថយន្តទាំងនេះគឺជាសារមួយព្រមានទៅកាន់ក្រុមជនខិលខូចកុំឲ្យពួកគេធ្វើសកម្មភាពដូចនេះទៀតនៅពេលក្រោយ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Straits Times