អន្តរជាតិ

WHO អះអាងថា កូវីដ១៩ បម្លែងថ្មីប្រភេទ Delta នឹងរាតត្បាតពេញពិភពលោក

BY
Pheakdey
June 19, 2021

លោកស្រី Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្ត្រប្រចាំនៅក្នុងអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃសុក្រទី ១៨ មិថុនា ម្សិលមិញនេះថា មេរោគកូវីដ ១៩ បម្លែងខ្លួនថ្មីនៅក្នុងប្រទេសឥណ្ឌាដែលត្រូវបានគេហៅថា Delta នឹងក្លាយជាមេរោគក៏កាចសាហាវមួយដែលអាចរាតត្បាតពេញពិភពលោក ឬអាចនិយាយដោយងាយថា មេរោគ Delta​ អាចនឹងជះឥទ្ធិពលខ្លាំងលើពិភពលោកទាំងមូលតែម្តង។ ទន្ទឹមនឹងការលើកឡើងដូចខាងលើនេះអ្នកជំនាញជនជាតិអង់គ្លេសរូបនេះ ក៏បាននិយាយសុំទោសទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួន ដែលបានដាក់សំណើរសុំការទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ពួកគេមកកាន់អង្គការសុខភាពពិភពលោកតែត្រូវបានបដិសេធ ក៏ព្រោះតែវ៉ាក់សាំងរបស់ពួកគេនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងមេរោគកូវីដ ១៩ បម្លែងខ្លួនថ្មីនេះទេ។

គួរម្លឹកជូនថា នាពេលកន្លងមកមានក្រុមហ៊ុនឯកជនមួយរបស់ប្រទេសអាឡឺម៉ង់ធ្លាប់បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្នមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ Delta បានត្រឹម ៤៧ %ប៉ុណ្ណោះ។ យ៉ាងណាក្តី ការលើកឡើងចំពោះកម្រិតនៃប្រសិទ្ធភាពវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកនៅឡើយទេ ដោយអង្គការមួយនេះគ្រាន់ទទួលស្គាល់ត្រឹមថា មេរោគ Delta ពិតជាមានគ្រោះថ្នាក់ខ្លាំងនិងអាចចម្លងបានលឿនជាងមេរោគកូវីដ ១៩ ធម្មតា។ គួររម្លឹកផងដែរថា ប៉ុន្មានថ្ងៃមុននេះក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីក៏បានអះអាងថាបានរកឃើញមេរោគកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីមួយប្រភេទផ្សេងទៀតដែលរកឃើញនៅក្រុងម៉ូស្គូ ហើយមេរោគនេះមានឥទ្ធិពលខ្លាំងជាងវ៉ាក់សាំង Sputnik V ដែលផលិតនៅក្នុងប្រទេសរុស្ស៊ីទៅទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ scroll

Share This Post: