អន្តរជាតិ

គិតត្រឹមពេលនេះចិនសម្រេចការចាក់វ៉ាក់សាំងកូវីដ ១៩បានជាង ១ពាន់លានដូសឬច្រើនជាង ១/៣នៃចំនួនវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនៅទូទាំងពិភពលោក

BY
Pheakdey
June 21, 2021

ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានឲ្យដឹងថាគិតត្រឹមថ្ងៃអាទិត្យទី ២០ ខែមិថុនាម្សិលមិញនេះចិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួនបានចំនួនជាង ១ ពាន់លានដូសហើយ ខណៈបើគិតជាភាគរយគឺតួលេខនេះមានចំនួនច្រើនជាង ១/៣ នៃចំនួនវ៉ាក់សាំងដែលគេបានចាក់ជូនពលរដ្ឋសរុបនៅទូទាំងពិភពលោកទៅទៀត។ គួរម្លឹកថា សេចក្តីជូនដំណឹងរបស់អាជ្ញាធរនេះត្រូវបានធ្វើឡើងបន្ទាប់ពីចិនបានសម្រេចការចាក់វ៉ាក់សាំងបានចំនួន ២០,២៣លានដូសកាលពីថ្ងៃសោរ៍ ទី ១៩ ខែមិថុនាកន្លងទៅដែលនាំឲ្យចំនួនវ៉ាក់សាំងសរុបចាក់នៅក្នុងប្រទេសចិនកើនដល់ ១,០១ ពាន់លានដូស​​ ខណៈគិតត្រឹមរយៈពេលដូចគ្នានេះពិភពលោកទាំងមូលទើបសម្រេចការចាក់វ៉ាក់សាំងបានចំនួន ២,៥ពាន់លានដូសប៉ុណ្ណោះ។

យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ទេថាក្នុងចំណោមវ៉ាក់សាំងទាំង ១,០១ពាន់លានដូសនោះចិនបានចាក់ជូនពលរដ្ឋខ្លួនប៉ុន្មានភាគរយនិងចាក់ជូនជនបរទេសបានប៉ុន្មានភាគរយ ហើយចិនក៏មិនបានបញ្ជាក់ពីចំនួនភាគរយនៃប្រភេទវ៉ាក់សាំងដែលបានប្រើប្រាស់ដែរ ដ្បិតនៅក្នុងប្រទេសចិនមានការប្រើប្រាស់វ៉ាក់សាំងចំនួន ៤ ប្រភេទផ្សេងគ្នា គឺវ៉ាក់សាំងប្រភេទ Sinopharm, Sinovac ដែលផលិតនៅក្នុងប្រទេសចិន​ និងវ៉ាក់សាំង Pfizer, Moderna ដែលផលិតនៅបរទេស។ គួរបញ្ជាក់ថា តាមគម្រោងគឺអាជ្ញាធរចិនគ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនឲ្យបាន ៤០% នៃចំនួនពលរដ្ឋសរុបប្រមាណជា ១,៤ ពាន់លាននាក់នៅត្រឹមចុងខែនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: