អន្តរជាតិ

ពលរដ្ឋនៅភូមិមួយក្នុងប្រទេសឥណ្ឌាបដិសេធមិនព្រមចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ ព្រោះខ្លាចព្រះអទិទេពខឹង

BY
Pheakdey
June 21, 2021

ឥណ្ឌា៖ ប្រជាពលរដ្ឋនៅក្នុងភូមិមួយនៃប្រទេសឥណ្ឌាបដិសេធមិនព្រមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះទេ ព្រោះពួកគេខ្លាចព្រះជាម្ចាស់ឬអទិទេពខឹងនឹងពួកគេ។ បើយោងតាមការចុះផ្សាយនៅក្នុងាសារព័ត៌មាន Aljazeera បានឲ្យដឹងថា ភូមិមួយនេះមានឈ្មោះ​ Malana ជាភូមិដាច់ស្រយាលមួយស្ថិតនៅភាគខាងជើងនៃរដ្ឋ Himachal Pradesh ហើយដើម្បីទៅដល់ភូមិបុរាណមួយនេះក្រុមបុគ្គលិកសុខាភិបាលឥណ្ឌាត្រូវធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រ ព្រោះតែគេមិនអាចបើករថយន្តចូលទៅដល់ក្នុងភូមិនេះបានទេ។ យ៉ាងណាក្តី ការព្យាយាមរបស់ក្រុមបុគ្គលិកចាក់វ៉ាក់សាំងមិនទទួលបានលទ្ធផលវិជ្ជមានឡើយដោយពលរដ្ឋនៅក្នុងភូមិប្រមាណជា ២,២០០ នាក់បានបដិសេដមិនព្រមចាក់វ៉ាក់សាំងឡើយ ខណៈមានពលរដ្ឋត្រឹមតែ ៣៦ នាក់ប៉ុណ្ណោះដែលព្រមចាក់វ៉ាក់សាំង។

មូលហេតុដែលពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងក៏ព្រោះតែពួកគេជឿតាមមេដឹកនាំភូមិនេះថា ភូមិរបស់ពួកគេមានអទិទេពដែលមានឈ្មោះថា Jagadamani Rishi ការពាររួចទៅរួចហើយ ហើយព្រះអទិទេពមិនព្រមឲ្យពួកគេចាក់វ៉ាក់សាំងបន្ថែមទៀតនោះទេ។ ដូចនេះបើពួកគេនាំគ្នាទៅចាក់វ៉ាក់សាំងមានន័យថា ពួកគេប្រឆាំងនឹងបញ្ជារបស់ព្រះអទិទេព ហើយព្រះអទិទេពនឹងខឹងពួកគេហើយនឹងដាក់បណ្តាសាចំពោះពួកគេទៀតផង។

ចំពោះពលរដ្ឋទាំង ៣៦ នាក់ ឬស្មើនឹង ១,៨ % នៃពលរដ្ឋសរុបនៅក្នុងភូមិដែលបានចាក់វ៉ាក់សាំងនោះបានអះអាង ពួកគេទទួលបានការអនុញ្ញាតដោយផ្ទាល់ពីព្រះអទិទេពទើបពួកគេហ៊ានចាក់វ៉ាក់សាំងដូចនេះ តែមិនមែនព្រោះតែពួកគេយល់ថា ការចាក់វ៉ាក់សាំងពិតជាមានប្រយោជន៍សម្រាប់ការពារខ្លួនពីជំងឺកូវីដ ១៩ នោះទេ។ សូមបញ្ជាក់ថា មិនមែនមានតែភូមិនេះមួយទេដែលបដិសេធមិនព្រមចាក់វ៉ាក់សាំងកូវីដ ១៩នោះ ពោលគឺនាពេលកន្លងមកមានភូមិនៅតំបន់ដាច់ស្រយាលជាច្រើនរួចមកហើយ ដែលមិនព្រមចាក់វ៉ាក់សាំងព្រោះហេតុផលដូចគ្នានេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Aljazeera

Share This Post: