ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងសិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ដូសទី ៣ ទៅកាន់ពលរដ្ឋខ្លួនដើម្បីបន្ថែមប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងខ្លួន Delta

    BY Pheakdey June 22, 2021
    ថៃកំពុងសិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ដូសទី ៣ ទៅកាន់ពលរដ្ឋខ្លួនដើម្បីបន្ថែមប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងខ្លួន Delta

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈ​ថៃកំពុងបើកការសិក្សាជាបន្ទាន់អំពីជម្រើសនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ទៅកាន់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចំនួន ២ ដូសរួចរាល់ហើយដើម្បីឲ្យពួកគេមានប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំបន្ថែមទៀតសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីប្រភេទ Delta ដែលគេបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា ក្នុងការសិក្សានោះក្រុមអ្នកជំនាញថៃក៏សិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំងប្រភេទផ្សេងៗគ្នាទៅកាន់មនុស្សតែម្នាក់ផងដែរ ដោយគេនឹងសិក្សាថាតើមនុស្សម្នាក់អាចចាក់វ៉ាក់សាំងដូសទី ២ ឬទី ៣ ដោយប្រើវ៉ាក់សាំងប្រភេទផ្សេងក្រៅពីវ៉ាក់សាំងដែលពួកគាត់បានចាក់កាលពីដូសទី ១ បានឬអត់។

    គួររម្លឹកថា មេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta គឺជាប្រភេទមេរោគដែលអាចផ្តល់គ្រោះថ្នាក់ខ្ពស់ខ្លាំងណាស់បើធៀបទៅនឹងមេរោគកូវីដ ១៩ ធម្មតា ហើយវ៉ាក់សាំងដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺមិនសូវមានប្រសិទ្ធភាពចំពោះមេរោគប្រភេទថ្មីនេះទេ។ តាមរបាយការណ៍នាពេលកន្លងមកបានបង្ហាញថា មេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ក៏កំពុងមានវត្តមាននៅក្នុងប្រទេសថៃនិងបណ្តាប្រទេសធំៗជាច្រើនទៀតនៅលើពិភពលោកផងដែរ ខណៈអ្នកជំនាញមកពីអង្គការសុខភាពពិភពលោកធ្លាប់បានព្យាករណ៍ថា មេរោគ Delta នឹងជះឥទ្ធិពលអាក្រក់ក្នុងកម្រិតធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូលតែម្តងនៅពេលខាងមុខនេះ៕

    A health worker receives the CoronaVac vaccine, developed by China’s Sinovac firm, as the first batch of vaccines to battle the Covid-19 coronavirus are administered to frontline health workers at the Bamrasnaradura Infectious Diseases Institute in Bangkok on February 28, 2021. (Photo by Lillian SUWANRUMPHA / AFP)

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: