ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់បើកម៉ូតូលឿនទាំងស្រវឹងស្រា រេចង្កូតទៅបុករថយន្តរបស់ព្រះសង្ឃបើកដោយអង្គឯង បណ្ដាលអោយរងរបួសធ្ងន់

    BY Khmernote Media June 22, 2021
    បុរសម្នាក់បើកម៉ូតូលឿនទាំងស្រវឹងស្រា រេចង្កូតទៅបុករថយន្តរបស់ព្រះសង្ឃបើកដោយអង្គឯង បណ្ដាលអោយរងរបួសធ្ងន់

    រាជធានីភ្នំពេញ៖ ព្រះសង្ឃមួយអង្គបើករថយន្ត ដោយអង្គឯងធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសក៏មានបុរសម្នាក់ស្រវឹងស្រា បើកម៉ូតូលឿនរេចង្កូតទៅ បុកចំក្បាលរថយន្តចំហៀងខាងស្ដាំ បណ្តាលឲ្យដួលរបួសអ្នកបើកម៉ូតូធ្ងន់ត្រង់ជើងខាងស្ដាំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១យប់ រំលងអាធ្រាត្រថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចសួនច្បារមុខ វត្តបទុមវតី ផ្លូវសុធារស កែងផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះសង្ឃដែលបើករថយន្តដោយអង្គឯងមានព្រនាម ជា សំណាងគង់ នៅវត្តកោះ មេត្តាពោធិវង្ស ខណ្ឌទួលគោក។

    ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញព្រះសង្ឃមួយអង្គបើក រថយន្តមួយគ្រឿង ម៉ាកកូរ៉ឡាពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខបាត់ដំបង 2A-6808 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយឺតល្មមមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1HZ-5085 ក្នុងស្ថានភាពស្រវឹងធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅបុករថយន្តចំពីមុខចំហៀងខាងស្ដាំ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតបែកស្តុបនិងកាងមធ្យម ចំណែកម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខបាក់កង់មុខ និងកាង ចំណែកអ្នកបើកបរម៉ូតូរបួសធ្ងន់ជើងខាងស្ដាំ។

    តាមសង្ឃដីកាព្រះតេជគុណ ដែលបានប្រាប់ឲ្យដឹងថា ដោយសារកូនសិស្សលោកឈឺ មិនអាចបើករថយន្តបានលោកក៏សម្រេចចិត្តបើក រថយន្តដោយខ្លួនឯង ដោយធ្វើដំណើរចេញពីវត្តកំពង់ត្របែកខេត្តព្រៃវែង គោលបំណងមកវត្តមេត្តាពោធិវង្ស នៅក្នុងខណ្ឌទួលគោក ខណៈ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង។

    ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកទៅព្យាបាលរបួសភ្លាមៗផងដែរ នៅសល់តែម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានខណ្ឌដូនពេញ រងចាំដោះស្រាយនៅពេលក្រោយបន្ត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: