ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងសិក្សាការចាក់វ៉ាក់សាំងកូវីដ ២ប្រភេទផ្សេងគ្នាចូលខ្លួនមនុស្សតែម្នាក់ ដើម្បីប្រឆាំងមេរោគបំប្លែងខ្លួន Delta

    BY Pheakdey June 23, 2021
    ថៃកំពុងសិក្សាការចាក់វ៉ាក់សាំងកូវីដ ២ប្រភេទផ្សេងគ្នាចូលខ្លួនមនុស្សតែម្នាក់ ដើម្បីប្រឆាំងមេរោគបំប្លែងខ្លួន Delta

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មជ្ឈមណ្ឌលឧត្តមភាពវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកនកំពុងបើកការសិក្សាជាពិសេសមួយអំពីជម្រើសនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ប្រភេទផ្សេងគ្នាទៅកាន់មនុស្សតែម្នាក់។ បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ដែលជាប្រធានគ្រប់គ្រងមជ្ឈមណ្ឌលខាងលើនេះបានឲ្យដឹងថា ក្នុងការសិក្សានេះគេបានជ្រើសរើសយកវ៉ាក់សាំងចំនួន ២ ប្រភេទគឺវ៉ាក់សាំង Sinovac និង AstraZeneca មកប្រើប្រាស់ ហើយតាមគម្រោងក្រុមអ្នកស្រាវជ្រាវចង់ចាក់វ៉ាក់សាំង Sinovac នៅដូសទី ១ ហើយរយៈពេល ៤ សប្តាហ៍ក្រោយមកគេនឹងចាក់វ៉ាក់សាំង  AstraZeneca ថែមមួយដូសទៀតដែលជាដូសទី ២ ទៅក្នុងខ្លួនមនុស្សតែម្នាក់។

    វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា មុនបើកការសិក្សានេះគេបានរកឃើញថាការប្រើប្រាស់វ៉ាក់សាំងចំនួន ២ ប្រភេទផ្សេងគ្នាទៅកាន់មនុស្សម្នាក់នឹងធ្វើឲ្យពួកគេមានប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំខ្លាំង ហើយអាចប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta បានយ៉ាងល្អទៀតផង។ យ៉ាងណាក្តី គេនៅមិនទាន់ដឹងថាការចាក់វ៉ាក់សាំងចម្រុះគ្នានេះអាចផ្តល់ផលប៉ះពាល់អ្វីខ្លះនោះទេ ដូចនេះហើយទើបក្រុមអ្នកជំនាញសម្រេចបើកការសិក្សានេះឡើង ដែលគោលបំណងសំខាន់នៃការសិក្សានេះគឺស្វែងរកផលប៉ះពាល់នៃការចាក់វ៉ាក់សាំង ២ ប្រភេទផ្សេងគ្នាក្នុងខ្លួនមនុស្សតែម្នាក់។ លោកវេជ្ជបណ្ឌិត Yong Poovorawan ក៏បានបញ្ជាក់ដែរថា ការសិក្សានេះនឹងបង្ហាញលទ្ធផលក្នុងរយៈពេល ២-៣ ខាងមុខទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: