ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញព្យាករណ៍ថា មេរោគកូវីដ ១៩ ប្រភេទ Delta នឹងគ្របដណ្ដប់ ៩០% នៃករណីឆ្លងថ្មីទាំងអស់នៅតំបន់អឺរ៉ុប

    BY Pheakdey June 24, 2021
    អ្នកជំនាញព្យាករណ៍ថា មេរោគកូវីដ ១៩ ប្រភេទ Delta នឹងគ្របដណ្ដប់ ៩០% នៃករណីឆ្លងថ្មីទាំងអស់នៅតំបន់អឺរ៉ុប

    ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងនៅសហភាពអឺរ៉ុបបានព្យាការណ៍ថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នឹងរាតត្បាតកាន់តែខ្លាំងនៅតំបន់អឺរ៉ុបនិងអាចឈានទៅដល់កម្រិតប្រមាណជា ៩០% នៃករណីឆ្លងថ្មីទាំងអស់នៅក្នុងតំបន់អឺរ៉ុបតែម្តង។ ក្រុមអ្នកជំនាញបានមើលឃើញថា នៅក្នុងអំឡុងពេលនៃរដូវក្តៅដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ពលរដ្ឋអឺរ៉ុបនឹងធ្វើការជួបជុំឬធ្វើសកម្មភាពបែបប្រមូលផ្តុំគ្នាច្រើន ហើយវាក៏ជាឱកាសដ៏ងាយក្នុងការចម្លងមេរោគកូវីដ ១៩ ប្រភេទ Delta ផងដែរ ជាពិសេសគឺចម្លងនៅក្នុងចំណោមពលរដ្ឋវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តែម្តង។

    តាមរបាយការណ៍នៃការចាក់វ៉ាក់សាំងចុងក្រោយមួយបានបង្ហាញថា គិតត្រឹមពេលនេះ មានពលរដ្ឋអឺរ៉ុបដែលមានអាយុលើសពី ៨០ឆ្នាំប្រមាណជា ៣០%, ពលរដ្ឋអឺរ៉ុបដែលមានអាយុលើសពី ៦០ឆ្នាំចំនួន ៤០% និងពលរដ្ឋអឺរ៉ុបវ័យក្មេងដែលមានអាយុក្រោម ១៨ឆ្នាំភាគច្រើនគឺមិនទាន់ទទួលបានវ៉ាក់សាំងការពាជំងឺកូវីដ ១៩ នៅឡើយទេ ហើយក្រុមពលរដ្ឋទាំងអស់នេះហើយដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ប្រភេទ Delta នោះ។ គួរបញ្ជាក់ថាក្រៅតែពីមានវត្តមានមេរោគកូវីដ ១៩ ប្រភេទ Delta នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអង់គ្លេសតែម្តងក៏មានមេរោគមួយប្រភេទទៀតឈ្មោះ Alpha កំពុងរាតត្បាតខ្លាំងណាស់ដែរ។ យ៉ាងណាក្តី បើធ្វើការប្រៀបធៀបមេរោគកូវីដ ១៩ ទាំង ២ប្រភេទនេះគឺមេរោគប្រភេទ Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌាអាចចម្លងបានលឿនជាងមេរោគ Alpha ដែលរកឃើញនៅអង់គ្លេសពី ៤០%-៦០%ឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: