អ្នកជំនាញអង់គ្លេសអះអាងថាធ្លាប់រកឃើញមេរោគកូវីដ ១៩ “Delta Plus” តាំងពីខែមេសាម្លេះ ហើយវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ
អង់គ្លេស៖ ខណៈដែលប្រទេសជាច្រើនកំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានោះ ស្រាប់តែកាលពីពេលថ្មីៗនេះអាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញមេរោគបំប្លែងខ្លួនទម្រង់ថ្មីមួយប្រភេទទៀតគឺមេរោគ “Delta Plus” ដែលបានឆ្លងទៅកាន់ពលរដ្ឋឥណ្ឌាចំនួន ២២នាក់ រស់នៅក្នុងរដ្ឋចំនួន ៣ ផ្សេងគ្នាក្នុងប្រទេសឥណ្ឌា ខណៈគេជឿថាមេរោគនេះមានប្រភពមកពីប្រទេសនេប៉ាល់។ ភ្លាមៗបន្ទាប់ពីការរកឃើញវត្តមាននៃមេរោគ “Delta Plus” ឬអ្នកវិទ្យាសាស្រ្តខ្លះបានហៅថា “AY.1” នោះ ពិភពលោកទាំងមូលកាន់តែមានក្តីបារម្ភខ្លាំងថែមមួយកម្រិតទៀតព្រោះមានការលើកឡើងទន្ទឹមគ្នាថា “Delta Plus” ជាមេរោគដែលមានភាពស៊ាំជាមួយនឹងវ៉ាក់សាំងនាពេលបច្ចុប្បន្ន ហើយវាក៏កំពុងមានវត្តមាននៅក្នុងប្រទេសធំៗមួយចំនួនរួចទៅហើយដែរ។

សាស្រ្តាចារ្យ Francois Balloux
យ៉ាងណាក្តីបើតាមលោកសាស្រ្តាចារ្យ Francois Balloux ដែលជានាយកវិទ្យាស្ថានពន្ធុវិទ្យានៃសាកលវិទ្យាល័យទីក្រុងឡុងដ៍បានអំពាវនាវមិនឲ្យពលរដ្ឋអង់គ្លេសមានការព្រួយបារម្ភចំពោះមេរោគ “Delta Plus” នេះទេ ដោយគាត់បានអះអាងថា មេរោគប្រភេទនេះត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេសតាំងពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ កន្លងទៅម្លេះ តែដោយសារវាមានការចម្លងកម្រិតទាបនិងមិនបង្កហានិភ័យខ្លាំង ទើបក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសមិនបានបង្ហាញវាជាសាធារណៈនោះទេ។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ការពិតទៅគេបានរកឃើញមេរោគជំងឺកូវីដ ១៩ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួន Delta រហូតដល់ទៅ ៥២ ប្រភេទឯណោះ តែដោយសារតែពួកវាមិនបានបង្កជាគ្រោះថ្នាក់អ្វីប្លែងពីមេរោគដើមទើបបានជាគេមិនប្រកាសពីវត្តមានរបស់ពួកវាជាសាធារណៈនោះទេ ដើម្បីកុំឲ្យសាធារណៈជនមានការព្រួយបារម្ភខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail