ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីជប៉ុនម្នាក់ត្រូវគេច្រឡំចាក់វ៉ាក់សាំងកូវីដឲ្យរហូតដល់៣ដូស ព្រោះតែគាត់មានឈ្មោះដូចគ្នានឹងស្រ្តីម្នាក់ទៀតដែលត្រូវមកទទួលវ៉ាក់សាំងលើកដំបូង

    BY Pheakdey June 25, 2021
    ស្រ្តីជប៉ុនម្នាក់ត្រូវគេច្រឡំចាក់វ៉ាក់សាំងកូវីដឲ្យរហូតដល់៣ដូស ព្រោះតែគាត់មានឈ្មោះដូចគ្នានឹងស្រ្តីម្នាក់ទៀតដែលត្រូវមកទទួលវ៉ាក់សាំងលើកដំបូង

    ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនអាយុជាង៩០ឆ្នាំម្នាក់ត្រូវបានខាងមន្ទីរពេទ្យច្រឡំចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនគាត់រហូតដល់ទៅ ៣ ដូស ព្រោះតែគាត់មានឈ្មោះដូចគ្នាទៅនឹងស្ត្រីម្នាក់ផ្សេងទៀតដែលត្រូវមកទទួលវ៉ាក់សាំងដូសទី ១។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Okayama នៃប្រទេសជប៉ុនកាលពីថ្ងៃទី ២២ ខែ មិថុនា កន្លងទៅនេះ។

    ប្រភពខាងបានបន្តថា ​នៅក្នុងថ្ងៃកើតហេតុនោះស្រ្តីចំណាស់រូបនេះបានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពទូទៅរបស់គាត់ ខណៈដែលគាត់បានវ៉ាក់សាំងកូវីដ ១៩ ចំនួន ២ រួចរាល់ទៅហើយ។ ក្នុងអំឡុងពេលដែលគាត់កំពុងអង្គុយរង់ចាំចូលពិនិត្យសុខភាពនោះ ស្រាប់តែមានគ្រូពេទ្យផ្នែកចាក់វ៉ាក់សាំងម្នាក់មកហៅឈ្មោះគាត់ ដែលតាមការពិតខាងគ្រូពេទ្យត្រូវហៅឈ្មោះស្រ្តីម្នាក់ផ្សេងដែលត្រូវមកចាក់វ៉ាក់សាំងដូសទី ១ តែពេលនោះគាត់មិនទាន់មកដល់កន្លែងរង់ចាំនោះទេ។ ដោយប្រទះឃើញម្ចាស់ឈ្មោះមានតែមនុស្សម្នាក់​គេក៏បានចាក់វ៉ាក់សាំងជូនគាត់ភ្លាមៗតែម្តង ដោយគ្មានការសង្ស័យអ្វីនោះទេ។ យ៉ាងណាក្តី ក្រោយចាក់វ៉ាក់សាំងរួចទើបគេបានដឹងការពិត ហើយរហូតមកទល់នឹងពេលនេះលោកយាយដែលបានទទួលវ៉ាក់សាំងរហូតដល់ទៅ ៣ ដូសនេះ ហាក់មិនមានប្រតិកម្មអ្វីគួរឲ្យកត់សម្គាល់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: