ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ស្រីស្អាតបើករថយន្ត Range Rover ស៊េរីទំនើបទៅបុកម៉ូតូ Zoomer X ខ្ទាតទៅបុកកង់បីឥណ្ឌា រួចទុករថយន្តចោល ហៅមិត្តភក្តិមកយកចេញពីកន្លែងកើតហេតុ សំណាងត្រូវប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនបាន

    BY Khmernote Media June 29, 2021
    ស្រីស្អាតបើករថយន្ត Range Rover ស៊េរីទំនើបទៅបុកម៉ូតូ Zoomer X ខ្ទាតទៅបុកកង់បីឥណ្ឌា រួចទុករថយន្តចោល ហៅមិត្តភក្តិមកយកចេញពីកន្លែងកើតហេតុ សំណាងត្រូវប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនបាន

    ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបើកបរដោយនារីម្នាក់ទៅបុកម៉ូតូ Zoomer X ហើយខ្ទាតទៅបុកកង់បីឥណ្ឌាមួយគ្រឿងបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាត និងប្រុសស្រី២នាក់ បានបាក់ជើងម្ខាងដូចគ្នា រងរបួសធ្ងន់ កាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    បើតាមសម្ដីអ្នកបើកកង់បីឥណ្ឌាជាអ្នករងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បើកកង់បីឥណ្ឌារបស់ខ្លួន តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជើង ខណ:មកដល់កន្លែងកើតហេតុក៏ឈប់ចាំស្តុប ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-6547 ធ្វើដំណើរឆ្លងស្តុបទិសដៅពីជើងមកត្បូង ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-6128 បើកបរដោយនារីម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមកបុកម៉ូតូ Zoomer X ពេញទំហឹង និងខ្ទាតទៅបុកឡាំប្រឺតាបន្ថែម បណ្ដាលឲ្យរងការខូចខាត ព្រមទាំងធ្វើឲ្យប្រុសស្រី២នាក់ ជាម្ចាស់ម៉ូតូបាក់ជើងម្ខាងដូចគ្នារងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះ(ឯកជន) ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ។

    ដោយឡែកនារីរូបស្រស់ជាម្ចាស់រថយន្តបង្កបានទាក់ទងទៅមិត្តភក្តិឲ្យមកទទួលយកចេញពីកន្លែងកើតហេតុ ទុករថយន្តចោល តែត្រូវប្រជាពលរដ្ឋ និងអ្នកឃើញហេតុការណ៍ជួយនាំគ្នាជិះដេញតាមរហូតដល់សង្កាត់ទន្លេបាសាក់ ទើបអាចឃាត់បានទាំងតៃកុងនិងអ្នកនាំចេញពីកន្លែងកើតហេតុ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឡាំពិក ដើម្បីដោះស្រាយ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅមន្ត្រីជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរងចាំដោះស្រាយតាមច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: