ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដបំប្លែងខ្លួនគ្រប់ប្រភេទរួមទាំងប្រភេទ Delta ផងដែរ
ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិកគឺក្រុមហ៊ុន Moderna Inc បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងមេរោគបំប្លែងខ្លួនគ្រប់ប្រភេទ រួមទាំងមេរោគបំប្លែងខ្លួនប្រភេទ Delta ផងដែរ។ គួររម្លឹកថា មេរោគបំប្លែងខ្លួន Delta ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគប្រភេទនេះមានលក្ខណៈអាចចម្លងបានលឿនជាងមេរោគធម្មតារហូតដល់ ៦០%។ នាពេលបច្ចុប្បន្ននេះមេរោគបំប្លែងខ្លួន Delta ត្រូវបានគេចាក់ទុកជាមេរោគដែលមានគ្រោះថ្នាក់ខ្លាំងគេបំផុត ហើយនាពេលកន្លងមកមានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា វ៉ាក់សាំងមួយចំនួនមិនអាចទប់ទល់នឹងមេរោគបំប្លែងខ្លួន Delta បាននោះទេ។

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមហ៊ុន Moderna បានធ្វើការសិក្សាមួយដោយបានយកសំណាកឈាមពីខ្លួនមនុស្សចំនួន ៨ នាក់ដែលបានចាក់វ៉ាក់សាំង Moderna រួចរាល់ចំនួន ២ ដូសកាលពី ១ សប្តាហ៍មុនទៅពិសោធន៍ជាមួយនឹងមេរោគបំប្លែងខ្លួនជាច្រើនប្រភេទដែលមានប្រភពមកពីតំបន់ផ្សេងៗគ្នានៅជុំវិញពិភពលោក។ លទ្ធផលដែលគេទទួលបានគឺ សំណាកឈាមដែលបានចាក់វ៉ាក់សាំង Moderna រួចនោះមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការប្រឆាំងនឹងមេរោគបំប្លែងខ្លួនប្រភេទ Alpha ដែលមានប្រភពមកពីអង់គ្លេស, មានប្រសិទ្ធខ្ពស់ចំពោះមេរោគបំប្លែងខ្លួន Beta ដែលមានប្រភពមកពីតំបន់អាហ្រ្វិកខាងត្បូងនិងមេរោគបំប្លែងខ្លួន Gamma មានប្រភពមកពីប្រេស៊ីល និងមានប្រសិទ្ធភាពកម្រិតមធ្យមចំពោះមេរោគបំប្លែងខ្លួន Delta ដែលមានប្រភពមកពីប្រទេសឥណ្ឌា។ សូមបញ្ជាក់ជូនថា ការសិក្សាខាងលើនេះគឺជាការរៀបចំឡើងដោយក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ តែមិនមែនជាការសិក្សាសកលនិងមានការទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail