ថៃកំពុងសិក្សាអំពីជម្រើសនៃការយកថ្នាំស.ម្លា.ប់សត្វល្អិតមួយប្រភេទមកព្យាបាលជំងឺកូវីដ ១៩
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃនឹងបើកការសិក្សាមួយ ដើម្បីស្រាវជ្រាវថា តើថ្នាំ Ivermectin ដែលជាប្រភេទថ្នាំគេប្រើសម្រាប់សម្លាប់ប៉ារ៉ាស៊ីតនៅក្នុងខ្លួនសត្វគោឬសត្វសេះ អាចមានប្រសិទ្ធភាពព្យាបាលជំងឺកូវីដ ១៩ បានឬអត់? ក្នុងការសិក្សានេះនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃនិងត្រូវធ្វើការរួមគ្នាជាមួយនឹងខាងមន្ទីរពេទ្យ Siriraj ហើយនៅក្នុងការសិក្សាគេនឹងសាកល្បងលាយបញ្ជូលគ្នារវាងថ្នាំ Ivermectin ជាមួយនឹងមេរោគជំងឺសារ Sars-CoV-2 ខណៈលទ្ធផលនៃការសិក្សានឹងត្រូវបង្ហាញជូនក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក Somsak Akkasilp ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានបញ្ជាក់ថា នាពេលកន្លងថ្នាំ Ivermectin ត្រូវបានប្រទេសមួយចំនួននៅតំបន់អាមេរិកយកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ ១៩ តែវាជាការប្រើប្រាស់ក្នុងលក្ខខណ្ឌចាំបាច់និងបន្ទាន់ដោយពុំទាន់មានការអនុញ្ញាតជាលក្ខណៈសកលនោះទេ ហើយលទ្ធផលវិញគឺចំពោះអ្នកជំងឺខ្លះក៏មានប្រសិទ្ធភាព ខណៈអ្នកជំងឺខ្លះក៏គ្មានប្រសិទ្ធភាពខ្ពស់ដែរ។
ព្រោះហេតុផលនេះហើយទើបនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃចង់សិក្សាឲ្យបានច្បាស់ថា តើថ្នាំ Ivermectin ពិតជាអាចព្យាបាលជំងឺកូវីដ ១៩ បានមែនឬយ៉ាងណា ហើយបើពិតជាអាចព្យាបាលបានមែន តើវាមានប្រសិទ្ធភាពប៉ុន្មានភាគរយ និងអាចប្រើបានចំពោះអ្នកជំងឺណាខ្លះ។
សូមបញ្ជាក់ថា ប្រសិនបើការសិក្សាបញ្ជាក់ថាថ្នាំ Ivermectin ពិតអាចព្យាបាលជំងឺកូវីដ ១៩ មែននោះ វាអាចជាដំណឹងល្អមួយព្រោះតែថ្នាំប្រភេទនេះងាយស្រួលរកទិញនិងមានតម្លៃថោក តែរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលនៅមិនទាន់អនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំនេះសម្រាប់ព្យាបាលជំងឺកូវីដ ១៩ នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍