ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសកំសត់ពិការភ្នែក មានជំងឺពេញខ្លួន កាន់ឈើច្រត់ដើរឆ្លងផ្លូវ៦០ម៉ែត្រ ស្រាប់តែមានរថយន្តបើកបុ.ក បណ្ដាលអោយបាត់បង់ជីវិត ហើយម្ចាស់រថយន្តជិះរត់គេចបាត់ស្រមោល

    BY Khmernote Media July 2, 2021
    បុរសកំសត់ពិការភ្នែក មានជំងឺពេញខ្លួន កាន់ឈើច្រត់ដើរឆ្លងផ្លូវ៦០ម៉ែត្រ ស្រាប់តែមានរថយន្តបើកបុ.ក បណ្ដាលអោយបាត់បង់ជីវិត ហើយម្ចាស់រថយន្តជិះរត់គេចបាត់ស្រមោល

    រាជធានីភ្នំពេញ៖ បុរសដែលមានចរិត ស្លូតបូត សុភាពរាបសារ ចេះគោរពចាស់ទុំ ហើយអ្នកជិតខាងនិងមិត្តភ័ក្តប្រុសស្រីស្រលាញ់រាប់អានគ្រប់ៗគ្នា បានធ្លាក់ខ្លួនឈឺជម្ងឺជាច្រើនមុខ រលាកស្រោមខួរក្បាល និងដុះផ្សិតក្នុងខួរក្បាល ហើយក្លាយជាមនុស្សពិការភ្នែកទាំងសងខាងនោះ ត្រូវបានរថយន្តបើកបុកបណ្ដាលឲ្យដួលហើយមានរថយន្តមួយគ្រឿងទៀត បើកមកកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់ពីជនរងគ្រោះបានកាន់ឈើច្រត់មួយ ដើរចេញពីផ្ទះដល់ផ្លូវ៦០ម៉ែត្រ បែរជាដើរឆ្លងផ្លូវក៏ជួបគ្រោះថ្នាក់រថយន្តបុកកិនស្លាប់យ៉ាងអាណោចអាធម៍ កាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ចាន់ សុភាព (ហៅពែក) ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សមានជម្ងឺរលាកស្រោមខួរ និងងងឹតភ្នែកទាំងសងខាង ស្នាក់នៅផ្ទះលេខ១៥០៥(ខាងត្បូងសាលាសង្កាត់ចាក់អង្រែក្រោម ៤០ម៉ែត្រ) ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមសម្ដីស្ត្រីឈ្មោះ ចិន្តា ដែលជាបងស្រីបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងថា ប្អូនប្រុសរបស់គាត់ជាមនុស្សមាន អត្តចរិត ស្លូតបូត សុភាពរាបសារ ចេះគោរពចាស់ទុំ ដែលអ្នកជិតខាងនិងមិត្តភ័ក្តប្រុសស្រីស្រលាញ់រាប់អានគ្រប់ៗគ្នា ហើយតាំងពីម្ដាយស្លាប់ទៅ នៅសល់តែរូបគាត់ជាបងស្រីដែលជាទីពឹង និងខំប្រឹងរៀនសូត្ររហូតបានប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបានចូលធ្វើការក្រុមហ៊ុនបានប៉ុន្មានខែសោះ ស្រាប់តែធ្លាក់ខ្លួនឈឺជម្ងឺផ្សេងៗជាបន្តបន្ទាប់រយៈពេលជាង៤ឆ្នាំ ដោយដំបូងឡើយកើតរបេងព្យាបាលជាហើយ ឈឺក្រពះនិងពោះវៀន ព្យាបាលជាហើយ បែរជារលាកស្រោមខួរ និងលូវឈានមកកើតជំងឺដុះផ្សិត ក្នុងខួរក្បាលបន្ថែម ដល់ថ្នាក់ទាញភ្នែកឡើងស្រឡេវ ហើយក្រោយមកក៏ងងឹតភ្នែកមើលមិនឃើញតែម្ដង។

    បងស្រីបង្កើតជនរងគ្រោះបន្តថា រូបគាត់បានទៅរស់នៅជាមួយសាច់ញាតិខាងប្ដី ទើបបាន៣ខែប៉ុណ្ណោះ ហើយប្អូនប្រុសរបស់គាត់(ជនរងគ្រោះ)បានរស់នៅជាមួយកូនប្រុសរបស់គាត់(ត្រូវជាក្មួយជនរងគ្រោះ) នៅក្បែរសាលាសង្កាត់ចាក់អង្រែក្រោម កន្លងមកក៏ធ្លាប់ដើរទៅឆ្ងាយៗដែរ តែមិនដែលមានគ្រោះថ្នាក់អ្វីឡើយ ព្រោះដើរនៅលើចិញ្ចើមផ្លូវ គាត់និងក្រុមគ្រួសារតែងតែដើររកនិងដឹកមកផ្ទះវិញជារើយៗផងដែរ ។ បងស្រីបង្កើតជនរងគ្រោះប្រាប់ទៀតថា នៅមុនពេលកើតហេតុ ប្អូនប្រុសរបស់គាត់(ជនរងគ្រោះ )បានបានកាន់ឈើច្រត់មួយ ដើរចេញពីផ្ទះទៅបាត់ប្រហែលជាមួយម៉ោង ក្រុមគ្រួសារនិងអ្នកជិតខាងបានជិះម៉ូតូដើររករហូតដល់ម្ដុំព្រែកហូរដែរ តែបែរជាទទួលដំណឹងថា ជនរងគ្រោះបានដើរឆ្លងផ្លូវ៦០ម៉ែត្រ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាក បើកបុកនិងកិនស្លាប់ គួរអោយអាសូរបែបនេះសោះ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែ ណូតថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសរងគ្រោះដើរកាន់ឈើច្រត់ តាមផ្លូវ៦០ម៉ែត្រ នៅម្ដុំស្តុបក្រុមហ៊ុនលក់រថយន្ត Mercedes ហើយក៏ដើរចេះតែដើរៗទៅដល់កណ្ដាលផ្លូវ ដល់ចំណុចកើតហេតុ បែរជាត្រូវបានរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង មិនចាំពណ៌ និងមិនចាំស្លាកលេខ បើកបរយ៉ាងលឿនមកបុកជនរងគ្រោះ បណ្ដាលឲ្យដួលហើយមានរថយន្តមួយគ្រឿងទៀតបើកមកគេចមិនទាន់ក៏កិនចំជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ហើយរថយន្តបង្កក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលអស់ទៅ បន្សល់ទុកនូវតែសពជនរងគ្រោះដេកស្លាប់នៅលើផ្លូវយ៉ាងអាណោចអាធ័ម ។

    ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅដល់ ដើម្បីត្រួតពិនិត្យមើលនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារចាត់ចែងយកសពទៅធ្វើបុណ្យ។ ដោយក្រុមគ្រួសារក៏បានទាក់ទងរកមន្ទីរសម្រាកព្យាបាល សួគា៍ ដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សកូវីដ-១៩ ពីក្រសួងនិងមន្ទីរសុខាភិបាលនោះ ចុះយកសំណាកសព ធ្វើតេស្តពិនិត្យស្វែងរកជំងឺកូវីដ និងមានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្ដកូវីដ-១៩ ពីក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះផងដែរ ហើយជាលទ្ធផលអវិជ្ជមាន កូវីដ-១៩ ។

    បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិដឹកតាមរថយន្តដឹកសព យកទៅវត្តចាក់អង្រែក្រោម ដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: