អ្នកដំណើរអង់គ្លេសប្រមាណជា ៥លាននាក់អាចនឹងត្រូវហាមឃាត់មិនឲ្យចូលទៅកំសាន្តនៅអឺរ៉ុបព្រោះតែពួកគេបានចាក់វ៉ាក់សាំង AstraZeneca ប្រភេទនេះ
អឺរ៉ុប៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកដំណើរអង់គ្លេសប្រមាណជា ៥ លាននាក់អាចនឹងត្រូវបានហាមឃាត់មិនឲ្យចូលទៅកំសាន្តនៅក្នុងតំបន់អឺរ៉ុបនោះទេ ព្រោះតែពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា។ បើតាមទីភ្នាក់ងារឱសថអឺរ៉ុបបានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលពលរដ្ឋអង់គ្លេសទាំង ៥ លាននាក់នោះបានចាក់គឺជាវ៉ាក់សាំង Covishield ដែលផលិតនៅវិទ្យាស្ថាន Serum ក្នុងប្រទេសឥណ្ឌា។

តាមការពិតទៅវ៉ាក់សាំងប្រភេទនេះមានប្រសិទ្ធភាពមិនចាញ់វ៉ាក់សាំងដែលផលិតនៅក្នុងតំបន់អឺរ៉ុបប៉ុន្មានទេ តែបញ្ហានៅត្រង់ថា វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសឥណ្ឌាប្រភេទនេះនៅមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីទីភ្នាក់ងារឱសថអឺរ៉ុបនៅឡើយ។គួរបញ្ជាក់ផងដែរថា ដើម្បីធ្វើដំណើរចូលទៅកាន់ដំបន់អឺរ៉ុបបានអ្នកដំណើរទាំងអស់ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងនៅកន្លែងត្រួតពិនិត្យជាមួយនិងលិខិតឆ្លងដែរបស់ពួកគេ ហើយប្រព័ន្ធត្រួតពិនិត្យនឹងធ្វើការផ្ទៀងផ្ទាត់ទៅតាមអ្វីដែលគេបានកំណត់ទុក។ បើតាមភាពជាក់ស្តែងគឺប្រព័ន្ធត្រួតពិនិត្យវ៉ាក់សាំងនៅច្រកទ្វារអឺរ៉ុបទទួលស្គាល់តែប័ណ្ណចាក់វ៉ាក់សាំងដែលផលិតនៅអឺរ៉ុបប៉ុណ្ណោះ ហើយក្រៅពីនេះគឺវាមិនទទួលស្គាល់ឡើយបើទោះជាមានការអះអាងថា វ៉ាក់សាំងប្រភេទផ្សេងទៀតនោះមានប្រសិទ្ធភាពក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mai