អាសូរណាស់! បុរសម្នាក់ធ្វើដំណើរទៅលេងប្រពន្ធនៅផ្ទះម្ដាយក្មេក ចៃដន្យមិនទាន់បានជួបមុខប្រពន្ធផង បែរជួបគ្រោះថ្នាក់លាចាកលោកចោលប្រពន្ធបាត់
រាជធានីភ្នំពេញ៖ បុរសម្នាក់ជា កងអង្គរក្ស BHQ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាត់បង់ជីវិតចោលប្រពន្ធនិងក្រុមគ្រួសារ ខណៈពេលធ្វើដំណើរចេញពីបន្ទាយទៅលេងប្រពន្ធនៅផ្ទះម្ដាយក្មេក ដោយបានជិះម៉ូតូឌ្រីមសង់តែម្នាក់ឯង បានពាក់កណ្ដាលផ្លូវ ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យម៉ូតូរួញចូលគ្នាគៀបជាប់ម្ចាស់ម៉ូតូស្លាប់នៅលើម៉ូតូ ចំណែករថយន្តធុនធំមិនស្គាល់ម៉ាក បានបន្តដំណើរទៅមុខបាត់ទៅ បន្សល់តែជនរងគ្រោះស្លាប់នៅលើម៉ូតូ នៅចំណុចជិតផ្លូវបំបែកទៅវទ្យុABC ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។

សពជនងគ្រោះឈ្មោះ កៅ ចម្រើន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីអង្គរក្សឋានន្តរសក្ដិនាយចំណង់ នៃនាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO8770 ជាមធ្យោបាយធ្វើដំណើរ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា៖ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តដឹកខ្សាច់មិនស្គាល់ម៉ាកមួយគ្រឿង ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខ និងធ្វើឲ្យជនរងគ្រោះបាក់ក និងបែកក្បាលហូរឈាមស្លាប់អង្គុយលើម៉ូតូយ៉ាងអាណោចអាធម៌តែម្តង ចំណែករថយន្តវិញឃើញសភាពបែបនេះ ក៏បានបើករត់គេចខ្លួនបាត់ស្រមោល។
ករណីនេះ ក្រោយពីកើតហេតុបានបន្តិច មានសាច់ញាតិមកមើល រីឯប្រពន្ធគ្រាន់តែឃើញសពប្ដីហើយ ដេកដួលឱបសពប្ដី ស្រែកយំរហូតគាំងម្ដងៗ ហេតុការណ៍នេះដែរ ក៏ឃើញមានសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូជនរងគ្រោះ ត្រូវបានរក្សាទុកដើម្បីប្រគល់ឲ្យសាច់ញាតិយកទៅប្រើប្រាស់វិញ៕









ដោយ៖ បងម៉េង ខ្មែរណូត