ក្រុមហ៊ុនអាកាសចរណ៍មួយនៅឥណ្ឌូនេស៊ីនឹងចាក់វ៉ាក់សាំងកូវីដ ១៩ ជូនអ្នកដំណើរដែលបានជិះយន្តហោះខ្លួនដោយឥតគិតថ្លៃ
ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Garuda Indonesia ដែលមានមូលដ្ឋានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានសម្រេចផ្តល់ជូនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃចំពោះពលរដ្ឋគ្រប់រូបដែលបានជ្រើសរើសការធ្វើដំណើរតាមជើងហោះរបស់ក្រុមហ៊ុនខ្លួន។ វ៉ាក់សាំងដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះនឹងប្រើប្រាស់គឺវ៉ាក់សាំង Sinovac ហើយកម្មវិធីចាក់វ៉ាក់សាំងនេះក៏ជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ចំពោះអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ដែលមានបំណងចង់ចាក់វ៉ាក់សាំងត្រូវមកដល់ប្រលានយន្តហោះនៅក្នុងទីក្រុងចាកាតា ២ ម៉ោងមុនពេលចេញដំណើរ ហើយការចាក់វ៉ាក់សាំងនឹងត្រូវធ្វើឡើងនៅក្នុងប្រលានយន្តហោះតែម្តង។

ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងដូសទី ១ រួចនៅកន្លែងផ្សេងក៏អាចមកចាក់ដូសទី ២ នៅប្រលានយន្តបានដែរ ហើយសម្រាប់អ្នកចាក់វ៉ាក់សាំងដូសទី ១ នៅប្រលានយន្តហោះក៏អាចបន្តចាក់វ៉ាក់សាំងដូសទី ២ នៅកន្លែងណាក៏បាន ឬត្រលប់មកចាក់នៅប្រឈានយន្តហោះវិញក៏បានដែរ។ ការផ្តល់ជូនវ៉ាក់សាំងនេះគឺមិនត្រូវបានគិតលុយពីអ្នកដំណើរនោះទេ ដោយពួកគេគ្រាន់តែបង់ថ្លៃទិញសំបុត្រហោះធម្មតា ខណៈសេវារដ្ឋបាលសម្រាប់ការចាក់វ៉ាក់សាំងគឺក្រុមហ៊ុន Garuda Indonesia ជាអ្នកទូទាត់ជាមួយនឹងខាងអាជ្ញាធរសុខាភិបាល។ សូមបញ្ជាក់ជូនថា មុននឹងអនុញ្ញាតឲ្យអ្នកដំណើរឡើងជិះយន្តហោះ ពួកគេក៏តម្រូវឲ្យធ្វើតេស្តរហ័សស្វែងរកជំងឺកូវីដ ១៩ ផងដែរ ហើយនាពេលបច្ចុប្បន្នក្រុមហ៊ុន Garuda Indonesia ផ្តល់ជូនតែសេវាធ្វើដំណើរក្នុងស្រុកតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖World of Buzz