ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីកំពុងព្រឈមនឹងបញ្ហាខ្វះខ្យល់អ៊ុកស៊ីសែននៅតាមមន្ទីរពេទ្យមួយចំនួន ក្រោយអ្នកជំងឺកូវីដ ១៩បន្តកើនឡើងយ៉ាងច្រើន

    BY Pheakdey July 6, 2021
    ឥណ្ឌូនេស៊ីកំពុងព្រឈមនឹងបញ្ហាខ្វះខ្យល់អ៊ុកស៊ីសែននៅតាមមន្ទីរពេទ្យមួយចំនួន ក្រោយអ្នកជំងឺកូវីដ ១៩បន្តកើនឡើងយ៉ាងច្រើន

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា នៅតាមមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមនឹងបញ្ហាខ្វះខ្យល់អ៊ុកស៊ីកសែនសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ យ៉ាងខ្លាំង ក្រោយចំនួនអ្នកឆ្លងថ្មីបានបន្តកើនឡើងយ៉ាងគំហុកក្នុងមួយរយៈពេលចុងក្រោយនេះ។ បើតាមលោកវេជ្ជបណ្ឌិត Sardjito ដែលជាប្រធានគ្រប់គ្រងទូទៅនៃមន្ទីរពេទ្យក្រុង Yogyakarta បានបញ្ជាក់ថា ថ្មីៗនេះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៦៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងអំំឡុងពេលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរបស់គាត់ ហើយក្នុងនោះមានអ្នកជំងឺចំនួន ៣៣នាក់បានស្លាប់ព្រោះតែបញ្ហាខ្វះខ្យល់អ៊ុកស៊ីសែនតែម្តង។

    លោក Budi Gunadi Sadikit ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានលើកឡើងថា បញ្ហាខ្វះខ្យល់អ៊ុកស៊ីសែននេះពិតជាបានកើតឡើងមែនតែមិនមែនកើតមានគ្រប់មន្ទីរពេទ្យនោះទេ ពោលគឺមួយចំនួនតូចប៉ុណ្ណោះ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ពេលនេះខាងរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងជម្រុញឲ្យក្រុមហ៊ុនផលិតខ្យល់អ៊ុកស៊ីសែនព្យាយាមបង្កើនការផលិតឲ្យបានច្រើនតាមតម្រូវការជាក់ស្តែង ហើយរដ្ឋាភិបាលក៏កំពុងពិចារណាអំពីលទ្ធភាពនៃការនាំខ្យល់អ៊ុកស៊ីសែនចូលពីបរទេសផងដែរ។ របាយការណ៍ចុងក្រោយមួយបានបង្ហាញថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២៧,២៣៣នាក់ និងស្លាប់ចំនួន ៥៥៥នាក់ ខណៈគិតត្រឹមពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុបជាង ២៣លាននាក់ និងស្លាប់សរុបជាង ៦១ម៉ឺននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: