រថយន្តដឹកអូសធុនធំ បើកលឿនឆ្លងផ្លូវបំបែកជាបួន ក៏អកហ្សឺជាមួយរថយន្តឡិចស៊ីស បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ទៅបុកជាមួយរថយន្តមួយគ្រឿទៀត រងបួសធ្ងន់ស្រាល៥នាក់
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានរងរបូសធ្ងន់និងស្រាល ពេលកំពុងជិះរថយន្តធុនធំមួយគ្រឿង ដឹកអូសពេញលើរថយន្ត ខណៈពេលឆ្លងកាត់ផ្លូវបំបែកជាបួន ក្នុងល្បឿនលឿន បានអកហ្សឺ កាច់ចង្កូតគេចពីរថយន្តឡិចស៊ីស ស្លាកលេខខេមរភូមិន្ទមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងទទឹងផ្លូវហាណូយ ទៅបុកប៉ះរថយន្ត Ford Ranger មួយគ្រឿងទៀត ខូចខាតយ៉ាងដំណំ និងចាក់អូស រាយប៉ាយពេញថ្នល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ យប់រំលងអាត្រឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុប២៤ម៉ោង ផ្លូវបំបែកជាបួន លើផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (Hyandai) ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេភ្នំពេញ 3F-0468 ប្រភេទសណ្ដោងដឹកអូសពេញលើរថយន្ត មានអ្នកបើកបរនិងអ្នករួមដំណើរ ៤ទៅ៥នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុប(២៤ម៉ោង)ផ្លូវបំបែកជាបួន ចំណុចកើតហេតុខាងលើ ក៏មានរថយន្តឡិចស៊ីសមួយគ្រឿងពាក់ ស្លាកលេខខេមរៈភូមិន្ទមិន(មិនចាំលេខ) ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណៈនោះតៃកុងរថយន្តធុនធំដឹកអូស ខណៈពេលកំពុងបើកលឿន បានអកហ្សឺ ចាប់ហ្វ្រាំងបង្ខំ និងកាច់ចង្កូតគេចមកឆ្វេងដៃជ្រុល បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ទៅប៉ះរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខកម្ពុជា P.N.7281 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ បញ្ច្រាសទិសដៅគ្នាត្បូងទៅជើង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ចំណែករថយន្តធុនធំដឹកអូសក្រឡាប់ផ្ងារជើងម្ខាងទទឹងផ្លូវហាណូយ និងចាក់អូសពេញផ្លូវថ្នល់ និងរងរបួសធ្ងន់បាក់ជើងបុរសម្នាក់ ដែលជាព្រូរថយន្តដឹកអូស ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តឡិចស៊ីសពាក់ស្លាកលេខខេមរភូមិន្ទ បានបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕











ដោយ៖ បងម៉េង ខ្មែរណូត