លោក ចូ បៃឌិន ជំរុញឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដបំប្លែងខ្លួន Delta ខណៈអាមេរិកនឹងសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ១៦០លាននាក់ត្រឹមចុងសប្តាហ៍នេះ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីថ្ងៃទីអង្គារទី ៦ ខែកក្កដា ម្សិលមិញនេះ បានថ្លែងសារពិសេសមួយលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវប្រញាប់ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីការពារខ្លួនពីការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta។ ក្នុងពេលថ្លែងសារនោះលោកប្រធានាធិបតីអាមេរិកក៏បានលើកឡើងដែរថា មេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta បានកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ដោយមេរោគនេះបានគ្របដណ្ដប់ជាង ៥០% នៃករណីឆ្លងសរុបក្នុងប្រទេសមួយចំនួន ខណៈនៅក្នុងសហរដ្ឋអាមេរិកវិញ មេរោគ Delta ក៏កំពុងមានវត្តមាននៅគ្រប់រដ្ឋផងដែរ តែមិនមានចំនួនច្រើនខ្លាំងនោះទេ។

លោក ចូ បៃឌិន ក៏បានបញ្ជាក់ផងដែរ គិតត្រឹមចុងសប្តាហ៍នេះអាជ្ញាធរសុខាភិបាលអាមេរិកនឹងសម្រេចការចាក់វ៉ាក់សាំងជូនពលទៅទូទាំងសហរដ្ឋអាមេរិកបានចំនួន ១៦០ លាននាក់ ខណៈនៅសល់ពលរដ្ឋអាមេរិករាប់លាននាក់ផ្សេងទៀតមិនព្រមមកទទួលវ៉ាក់សាំងទាល់តែសោះ។ លោក ចូ បៃឌិន បានបន្តទៀតថា ប្រសិនបើពលរដ្ឋអាមេរិកមិនព្រមមកទទួលវ៉ាក់សាំងនោះទេ ជាពិសេសគឺក្រុមយុវជនតែម្តងនឹងប្រឈមក្នុងការឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ខ្លាំងណាស់ ព្រោះតែមេរោគប្រភេទនេះមានសមត្ថភាពអាចចម្លងបានលឿននិងបង្កគ្រោះថ្នាក់ជាងមេរោគធម្មតាទ្វេដង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia