ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចប្រើប្រាស់អាគារក្នុងព្រលានយន្តហោះសុវណ្ណភូមិធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩

    BY Pheakdey July 10, 2021
    ថៃសម្រេចប្រើប្រាស់អាគារក្នុងព្រលានយន្តហោះសុវណ្ណភូមិធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ថៃបានសម្រេចបង្កើតមន្ទីរពេទ្យនៅទីវាលឬមន្ទីរពេទ្យយោធាមួយកន្លែងទៀតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ចេះតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ លោក Ratchada Dhnadirek ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺគេនឹងរៀបចំអាគារ Satellite 1 ក្នុងព្រលានយន្តហោះសុវណ្ណភូមិឲ្យក្លាយជាមន្ទីរពេទ្យយោធា ដោយមន្ទីរពេទ្យថ្មីនេះនឹងមានផ្ទៃក្រលាសរុបប្រមាណជា ១០០,០០០ ម៉ែត្រការ៉េ និងអាចផ្ទុកអ្នកជំងឺបានចំនួន ៥,០០០ នាក់។

    អ្នកនាំពាក្យរូបនេះបានបន្តថា ជាន់ទី ៣ និង ៤ នៃអាគារពេទ្យយោធាថ្មីនេះនឹងប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺកម្រិតស្រាល ខណៈជាន់ទី ២ គឺប្រើប្រាស់ជាកន្លែងផ្តល់សេវាសង្គ្រោះសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើងរៀបចំមន្ទីរពេទ្យនេះហើយ ខណៈការបើកឲ្យដំណើរជាផ្លូវការអាចនឹងធ្វើឡើងនៅដើមខែក្រោយនេះ។ គួរបញ្ជាក់ថា មន្ទីរពេទ្យជាច្រើននៅក្នុងក្រុងបាងកកសុទ្ធតែបានផ្ទុកអ្នកជំងឺពេញអស់ហើយ ដូចនេះអ្នកជំងឺកូវីដ ១៩ ថ្មីមួយចំនួនត្រូវតែរង់ចាំជាច្រើនថ្ងៃទើបដល់វេនអាចចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយដោយរង់ចាំយូរពេកក៏មានអ្នកជំងឺខ្លះបានស្លាប់នៅក្នុងផ្ទះខ្លួនឯងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: