អាមេរិកអនុញ្ញាតឲ្យក្រុមកូនសិស្សដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់អាចទៅរៀនជុំគ្នាក្នុងថ្នាក់ដោយមិនចាំបាច់ពាក់ម៉ាស់
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NBC News បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក បានសម្រេចអនុញ្ញាតឲ្យក្រុមកូនសិស្សដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩រួចរាល់ទាំងអស់អាចទៅរៀនក្នុងថ្នាក់ជុំគ្នាដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ។ ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រទី ៩ ខែកក្កដាម្សិលមិញនេះ ខណៈការលើកលែងនេះនឹងត្រូវអនុវត្តចំពោះក្រុមកូនសិស្សទាំងអស់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។

បើតាមលោក Erin Sauber-Schatz ដែលជាអ្នកតំណាងឲ្យមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានបញ្ជាក់ថា គោលបំណងនៃការលើកលែងការពាក់ម៉ាស់ចំពោះក្រុមកូនសិស្សនេះគឺដើម្បីលើកទឹកចិត្តឲ្យពួកគេត្រលប់មករៀនជុំគ្នានៅក្នុងថ្នាក់រៀនវិញ ជំនួសឲ្យការសិក្សាតាមប្រព័ន្ធ Online ដែលមិនសូវមានគុណភាពខ្ពស់ដូចការមករៀនផ្ទាល់ក្នុងសាលានោះទេ។ យ៉ាងណាក្តី នៅក្រៅបរិវេណសាលារៀនក្រុមកូនសិស្សទាំងអស់ត្រូវតែពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនដដែល ព្រោះនៅទីសាធារណៈគេមិនដឹងច្បាស់ថា អ្នកខ្លះបានចាក់វ៉ាក់សាំងរួចរាល់ឬក៏អត់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ NBC News