អ្នកជំនាញថៃជំរុញឲ្យមានការចាក់វ៉ាក់សាំងកូវីដដូសទី ៣ ក្រោយមានមន្ត្រីសុខាភិបាលជួរមុខម្នាក់ដែលបានចាក់វ៉ាក់សាំងរួចរាល់ បានបាត់បង់ជីវិតដោយជំងឺកូវីដ ១៩
ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងថៃម្នាក់បានជម្រុញឲ្យអាជ្ញាធសុខាភិបាលថៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ថែម ១ដូសទៀត ទៅកាន់ក្រុមមន្ត្រីសុខាភិបាលជួរមុខទាំងអស់ ដែលការជម្រុញនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានមន្ត្រីសុខាភិបាលថៃម្នាក់បានបាត់បង់ជីវិត ដោយជំងឺកូវីដ ១៩ ទាំងដែលគាត់បានចាក់វ៉ាក់សាំងចំនួន ២ ដូសរួចទៅហើយ។ បើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា មន្ត្រីសុខាភិបាលថៃបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ នេះមានឈ្មោះហៅក្រៅថា Donut ភេទស្រី អាយុ ៣០ ឆ្នាំ បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ ទី ១១ កក្កដា ម្សិលមិញនេះបន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បានមួយសប្តាហ៍។

ក្រោយរកឃើញករណីបាត់បង់ជីវិតខាងលើនេះ លោក Thiravat Hemachudha ដែលជាប្រធានមជ្ឈមណ្ឌលឆ្លងជំងឺឆ្លងនៃសាកលវិទ្យាល័យជូឡាឡុងកន បានជម្រុញឲ្យអាជ្ញាធរថៃត្រូវចាក់វ៉ាក់សាំងដូសទី ៣ ទៅកាន់ក្រុមមន្ត្រីសុខាភិបាលទាំងអស់ ដើម្បីបន្ថែមប្រព័ន្ធការពារររាងកាយសម្រាប់ពួកគាត់ឲ្យកាន់តែខ្លាំង ព្រោះពួកគាត់ជាក្រុមមនុស្សដែលត្រូវប្រឈមនឹងការឆ្លងជំងឺខ្ពស់ខ្លាំងណាស់។ អ្នកជំនាញរូបនេះបានលើកឡើងទៀតថា វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្រោយពេលចាក់បាន ៣០ថ្ងៃ បន្ទាប់មកទៀតប្រសិទ្ធភាពរបស់វានឹងថយចុះបន្តិចម្តងហើយអាចថយចុះដល់កម្រិត ៣០-៤០%។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃនៅមិនទាន់សម្រេចជាផ្លូវការក្នុងការអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងដូសទី ៣ ឬក៏អត់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍