សង្គម

គួរឲ្យសរសើរ! យុវតីខ្មែរម្នាក់ប្រឹងរៀនរហូតទទួលបានអាហាររូបករណ៍ ១០០% រៀននៅជប៉ុន ហើយបានប្រាប់ថា រៀនចប់នឹងយកចំណេះវិជ្ជាដែលខ្លួនបានចេះមកអភិវឌ្ឍប្រទេសកម្ពុជាយើងវិញទៀត

BY
Khmernote Media
July 15, 2021

ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា ការទៅបន្តការសិក្សានៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលឡើយ អាចនិយាយបានថាជួបឧបសគ្គច្រើន ដោយរឿងដំបូងដែលពិបាកនោះគឺការរស់នៅបែកពីក្រុមគ្រួសារ បន្ទាប់មកបរិយាកាសរស់នៅ អាកាសធាតុ អាហារហូបចុក និងរឿងជាច្រើនទៀតដែលអ្នកដែលទៅបន្តការសិក្សាត្រូវជួបប្រទះ និងខិតខំដើម្បីជំនះ។

យ៉ាងណាមិញ ដើម្បីផ្ដល់ជាចំណេះដឹង និងគន្លឹះសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅរៀនបន្ត ក្រុមការងារខ្មែរណូតបានធ្វើការសម្ភាសន៍ជាមួយយុវតីខ្មែរមួយរូបដែលបានតស៊ូរៀនសូត្ររហូតទទួលបានអាហាររូបករណ៍នៅប្រទេសជប៉ុន។ យុវតី តាំង មួយជូ ជាកូនអ្នកភ្នំពេញ បានទទួលអាហាររូបករណ៍រហូតដល់ ១០០% ពី MEXT scholarship 2017 របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។ យុវតីដែលបច្ចុប្បន្នកំពុងបន្តការសិក្សាឆ្នាំទី៤ នៅប្រទេសជប៉ុនរូបនេះបានឱ្យដឹងថា ដំបូងឡើយកញ្ញាមិនគិតថាបានទៅសិក្សានៅក្រៅប្រទេសទេ ដោយកាលនោះពេលប្រលងជាប់បាក់ឌុបភ្លាមៗ កញ្ញាបានដាក់ពាក្យរៀនជំនាញដែលចង់រៀននោះគឺជំនាញ កុំព្យូទ័រ។

ប៉ុន្តែក្រោយចូលរៀនជំនាញកុំព្យូទ័រ បាន ១ខែរួចមក យុវតីរូបនេះត្រូវបានជំរុញ​និងលើកទឹកចិត្តដោយលោកគ្រូ​ គណិតវិទ្យា របស់ខ្លួន​ឱ្យសាកដាក់ពាក្យប្រលងយកអាហារូបករណ៍នៅប្រទេសជប៉ុន ហើយជាលទ្ធផលគឺ ជាប់អាហាររូបករណ៍រហូតដល់ ១០០% និងជាសិស្ស ម្នាក់នៃសិស្ស ៨នាក់ដែលជាប់ក្នុងចំណោមអ្នកដាក់ពាក្យចន្លោះពី ២០០ ទៅ ៣០០នាក់។ ដោយឡែកបើក្រលេកទៅមើលការរស់នៅក្នុងប្រទេសជប៉ុនវិញ យុវតី មួយជូ បានឱ្យដឹងថា មិនមានភាពងាយស្រួលនោះទេ ព្រោះ​រូបនាងត្រូវបែកពីគ្រួសារ និងមិនចេះភាសាជប៉ុនពេលទៅដល់ទីនោះដំបូង តែទោះជាយ៉ាងណាក្ដី យុវតីរូបនេះ នៅតែតស៊ូជំនះ ដើម្បីម្ដាយរបស់នាងដែលតែងតែព្រួយបារម្ភ និងផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ពេល។ កញ្ញាបានបន្ថែមថា ក្នុងអំឡុងពេលសិក្សា និងរស់នៅជាង ៤ឆ្នាំមកនេះ កញ្ញាបានយល់ដឹង ក៏ដូចជារៀនសូត្របានច្រើនពីប្រទេសជប៉ុន ក្នុងនោះរូបនាងបានលើកឡើង ៣ចំណុចធំៗដែលនាងចូលចិត្តគឺ

ទី១ ទទួលបាន​ព័ត៌មានច្រើន ដោយសារនៅប្រទេសជប៉ុនសំបូរទៅដោយហាងលក់សៀវភៅនិងមានតម្លៃថោក ហើយសៀវភៅខ្លះសឹងតែអានមិនគិតថ្លៃទៀតផង។
ទី២ រៀនសូត្រពីជនជាតិជប៉ុនអំពីការរៀបចំពេលវេលា ដោយជនជាតិជប៉ុននៅពេលចង់ធ្វើអ្វីមួយគឺមានគម្រោងច្បាស់លាស់ និងកំណត់ពេលមុនហើយស្រាប់
និងទី៣ អាចស្គាល់ពីវប្បធម៌របស់ប្រទេសមួយផ្សេងទៀត ចំណុច​មួយនេះ គឺជាចំណុចដែល មួយជូ ចូលចិត្តរៀននៅជប៉ុនខ្លាំងមែនទែន ដោយសារនៅក្នុងប្រទេសនេះ ប្រជាជនសុទ្ធតែសុភាពរាបសារ គោរពពេលវេលា និងជាមនុស្សខំប្រឹងប្រែង ដែលធ្វើឱ្យរូបនាងចង់ប្រឹងប្រែងដើរឱ្យទាន់នឹងគេ ដែលរស់នៅក្នុងសង្គមដ៏ល្អបែបនេះ។

ចំពោះការសិក្សាវិញ យុវតីរូបនេះបាននិយាយថា បច្ចុប្បន្ននាងជាសិស្សឆ្នាំទី៤ នៃសាកលវិទ្យាល័យ Tokyo International University ក្នុងប្រទេសជប៉ុន ជំនាញសេដ្ឋកិច្ច។ ដំបូងឡើយនាងចង់រៀនជំនាញកុំព្យូទ័រនោះទេ តែដោយសារការអានសៀវភៅបានច្រើន យុវតីរូបនេះបានស្វែងរកឃើញអ្វីដែលខ្លួនឯងស្រលាញ់នោះគឺបរិស្ថាន និងជំនាញសេដ្ឋកិច្ច ហើយក្រោយពីរកឃើញខ្លួនឯង និងចំណាយពេលសិក្សានៅប្រទេសជប៉ុនជាង ៤ឆ្នាំមក យុវតី មួយជូ មានគម្រោងមួយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់កូនខ្មែរយើងទាំងអស់គ្នានៅពេលរៀនចប់ នោះគឺការបង្កើតអាជីវកម្មមួយដែលអាចជួយដល់ទាំងសេដ្ឋកិច្ច និងជួយដល់បរិស្ថានយើងផងដែរ​ ដែលនាងហៅថា « Social enterprise » ដោយប្រើចំណេះដឹង និងគំនិតដែលនាងបានរៀន និងបង្កើតពីប្រទេសជប៉ុនយកមកអភិវឌ្ឍក្នុងប្រទេសកម្ពុជា ស្របពេលដែលកន្លងមក មួយជូ បានប្រើគំនិតបង្កើតជាគម្រោងជួយក្មេងៗក្នុងនៅកម្ពុជាទាក់ទងនឹងការសិក្សាបានមួយចំនួនផងដែរ។ ហើយគម្រោងមួយនេះ កញ្ញាមិនបានសង្កត់ធ្ងន់ទៅលើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្មាននោះទេ តែនាងផ្តោតសំខាន់ទៅលើសង្គម គឺការជួយដល់សង្គម និងបរិស្ថាន បន្ទាប់ពីកញ្ញាមើលឃើញចន្លោះខ្វះខាតនៅតំបន់ដាច់ស្រយាលមួយចំនួនមិនមានសាលាគ្រប់គ្រាន់ ឲ្យកុមារមានការសិក្សារដែលត្រឹមត្រូវ និងពេញលេញ ទាំងនេះជាកត្តាជម្រុញឲ្យកញ្ញា មានគម្រោងបើក Social enterprise នេះឡើយ៕

 

 

 

 

Share This Post: