វៀតណាមសម្រេចឲ្យមានការចាក់វ៉ាក់សាំងកូវីដប្រភេទ Pfizer និង AstraZeneca លាយគ្នាក្នុងខ្លួនមនុស្សតែម្នាក់
វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ប្រទេសវៀតណាមនឹងសម្រេចឲ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ប្រភេទបញ្ចូលគ្នាទៅក្នុងខ្លួនមនុស្សតែម្នាក់ ដោយវ៉ាក់សាំងទាំង ២ប្រភេទនោះមានដូចជាវ៉ាក់សាំងប្រភេទ Pfizer ផលិតនៅអាមេរិក និងវ៉ាក់សាំងប្រភេទ AstraZeneca ផលិតនៅប្រទេសអង់គ្លេស។ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងលាយគ្នានេះគឺគេនឹងចាក់វ៉ាក់សាំងប្រភេទ Pfizer នៅដូសទី ១ ហើយក្នុងចន្លោះពេលពី ៨-១២ សប្តាហ៍ក្រោយមកទើបគេចាក់វ៉ាក់សាំងប្រភេទ AstraZeneca បន្ថែមមួយដូសទៀតសម្រាប់ជាដូសទី ២។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានប្រទេសធំៗមួយចំនួន ហើយដែលសម្រេចឲ្យមានការចាក់វ៉ាក់សាំងលាយគ្នាដូចនេះ បើទោះជាអង្គការសុខភាពពិភពលោកទើបព្រមានថា ការចាក់វ៉ាក់សាំងលាយគ្នាដូចនេះអាចមានគ្រោះថ្នាក់ក៏ដោយ។ ប្រទេសទាំងនោះមានដូចជា កាណាដា អេស្ប៉ាញ ថៃ និងកូរ៉េខាងត្បូងដើម ហើយមូលហេតុដែលនាំឲ្យមានការចាក់វ៉ាក់សាំងលាយគ្នាដូចនេះក៏ព្រោះតែក្រុមអ្នកជំនាញនៅក្នុងប្រទេសទាំងនោះបានរកឃើញថា ការចាក់វ៉ាក់សាំងលាយគ្នានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta។
គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូសជូនពលរដ្ឋខ្លួនបានតិចជាង ៣០០,០០០ នាក់ប៉ុណ្ណោះ ខណៈវៀតណាមមានពលរដ្ឋសរុបជិត ១០០ លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍