ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា ៤៧%នៃអ្នកឆ្លងកូវីដ១៩ថ្មីនៅអង់គ្លេសគឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច

    BY Pheakdey July 16, 2021
    ការសិក្សាមួយបានបង្ហាញថា ៤៧%នៃអ្នកឆ្លងកូវីដ១៩ថ្មីនៅអង់គ្លេសគឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច

    អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីនៅក្នុងប្រទេសអង់គ្លេសគឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ King’s College ខណៈការសិក្សានេះត្រូវបានធ្វើឡើងដោយផ្តោតក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងមួយសប្តាហ៍មុននេះអង់គ្លេសបានរកឃើញអ្នកឆ្លងកូវីដ ១៩ ជាមធ្យមចំនួន ៣៣,១១៨ នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះមានអ្នកឆ្លងចំនួន ៤៧% គឺជាក្រុមយុវជនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួច ដោយអ្នកខ្លះទើបចាក់វ៉ាក់សាំងបានតែត្រឹមតែ ១ ដូស និងអ្នកខ្លះបានចាក់រួចរាល់ចំនួន ២ដូសទៅហើយ។

    លោកសាស្រ្តាចារ្យ Tim Spector ដែលជាអ្នកដឹកនាំការសិក្សានេះបានលើកឡើងថា វាមិនមែនជារឿងចម្លែងនោះទេដែលមេរោគកូវីដ ១៩ បានឆ្លងនៅក្នុងចំណោមអ្នកពលរដ្ឋបានចាក់វ៉ាក់សាំងរួចនោះ ព្រោះគ្រប់ប្រភេទវ៉ាក់សាំងទាំងអស់ពុំមានប្រសិទ្ធភាពដល់ ១០០%នោះទេ ជាពិសេសក្រុមពលរដ្ឋដែលទើបចាក់វ៉ាក់សាំងបានតែ ១ ដូសគឺនៅតែមានហានិភ័យខ្ពស់ក្នុងការឆ្លង។ លោកសាស្រ្តាចារ្យរូបនេះក៏ជំរុញឲ្យពលរដ្ឋអង់គ្លេសទាំងត្រូវប្រញាប់ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៃជំងឺកូវីដ ១៩ ឲ្យនៅមានកម្រិតទាបបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: