លោកនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃ ស្របពេលរដ្ឋាភិបាលអង់គ្លេសប្រកាសលុបចោលច្បាប់រឹតបន្តឹងប្រទេសពីការរាតត្បាតជំងឺកូវីដ ១៩
អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក Boris Johnson ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី ១៨ កក្កដានេះតទៅ បន្ទាន់ពីលោកបានជួបផ្ទាល់ជាមួយនឹងអ្នកឆ្លងជំងឺកូវីដ ១៩ម្នាក់។ ប្រភខាងលើបានបញ្ជាក់ថា កាលពីថ្ងៃសុក្រទី ១៦ កក្កដាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានជួបប្រជុំជាមួយនិងលោក Sajid Javid ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាលដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនទាក់ទងនឹងវិបត្តិនៃជំងឺកូវីដ ១៩ ហើយនៅក្នុងថ្ងៃសោរ៍ ទី ១៧ កក្កដា ស្រាប់រដ្ឋលេខធិការដែលបានចាក់វ៉ាក់សាំងរួចហើយរូបនេះបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដូចនេះហើយទើបមន្ត្រីជាន់ខ្ពស់អង់គ្លេសជាច្រើនរូបរួមទាំងលោកនាយករដ្ឋមន្ត្រីផងដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃដូចៗគ្នា។ 
លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស
គួរបញ្ជាក់ថា ការប្រកាសធ្វើចត្តាឡីស័ករបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសនៅពេលនេះគឺស្របពេលដែលប្រទេសអង់គ្លេសត្រូវលុបចោលវិធានការរឹតបន្តឹងប្រទេសផងដែរ ដោយចាប់ពីថ្ងៃព្រឹកថ្ងៃចន្ទ ១៩ កក្កដានេះតទៅរដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្តើមអនុវត្ត “ថ្ងៃសេរីភាព” ថ្មីមួយជាផ្លូវការនៅទូទាំងប្រទេសតែម្តង។ ចាប់ពីពេលអនុវត្ត “ថ្ងៃសេរីភាព” នេះតទៅគឺពលរដ្ឋអង់គ្លេសទាំងអស់នឹងអាចធ្វើការជួបជុំគ្នាជាធម្មតាវិញបាននៅតាមទីសាធារណៈ អាជីវកម្មគ្រប់ប្រភេទរួមទាំងក្លឹបរាត្រីក៏ត្រូវអនុញ្ញាតឲ្យបើកវិញដែរ ខណៈការពាក់ម៉ាស់នៅទីសាធារណៈនឹងលែងក្លាយជាបទបញ្ជាទៀតហើយពោលគឺវាគ្រាន់ជាជម្រើសរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរ មុនពេលរដ្ឋាភិបាលអង់គ្លេសកំណត់អនុវត្ត “ថ្ងៃសេរីភាព” នេះ ក្រុមអ្នកជំនាញមួយចំនួនក៏បានព្រមានថា អង់គ្លេសអាចនឹងធ្លាក់ទៅក្នុងវិបត្តិនៃជំងឺកូវីដ ១៩ កម្រិតធ្ងន់ធ្ងរវិញផងដែរ ព្រោះពលរដ្ឋនឹងលែងសូវខ្វល់ពីការការពារខ្លួន ខណៈមេរោគបំប្លែងថ្មីៗនៅតែមានភាពកាចសាហាវនៅឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia