ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តToyota Prius បើកបុកម៉ូតូមួយគ្រឿងជិះគ្នាពីរ បណ្ដាលអោយបាត់បង់ជីវិតទាំងពីរនៅនឹងកន្លែង ចំណែកម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល

    BY Khmernote Media July 19, 2021
    រថយន្តToyota Prius បើកបុកម៉ូតូមួយគ្រឿងជិះគ្នាពីរ បណ្ដាលអោយបាត់បង់ជីវិតទាំងពីរនៅនឹងកន្លែង ចំណែកម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល

    រាជធានីភ្នំពេញ៖ រថយន្ត Toyota Prius មួយគ្រឿងបានបុកម៉ូតូ Nex ដែលជិះដោយបុរសពីរនាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ឯរថយន្តបង្កហេតុបានបើកបន្តទៅមុខប្រហែល ៥០ម៉ែត្រក៏ធ្លាក់ចូលក្នុងដីឡូត៍ ហើយអ្នកបើកបរបានគេចខ្លួនបាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង០៩៖១០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជើង ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ (ថ្មី) តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះទាំង២នាក់ខាងលើគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច(Suzuki Nex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាក តូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-5612 ដែលធ្វើដំណើរបញ្ច្រាសគ្នា មកបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសទៅចិញ្ចើមផ្លូវរងការខូចខាតទាំងស្រុង និងបណ្ដាលឲ្យបុរសពីរនាក់ដែលជិះម៉ូតូនេះស្លាប់ភ្លាមៗនៅនឹងកន្លែង។ ដោយឡែករថយន្តបង្កបានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ចម្ងាយប្រហែល៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែគេមិនដឹងថាអ្នកបើករថយន្តនេះជាមនុស្សប្រុស ឬស្រីនោះទេ ព្រោះគេបានគេចខ្លួនបាត់ភ្លាមៗ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់យករថយន្តបង្ក និងម៉ូតូ រងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ ចំណែកឯសពជនរងគ្រោះទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាជាបណ្ដោះអាសន្ន ដើម្បីទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: