អាជ្ញាធរម៉ាឡេស៊ីព្រមានឲ្យពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដមានតែសឺរ៉ាំងទទេ ត្រូវមកចាក់វ៉ាក់សាំងមែនទែនជាថ្មីម្តងទៀត
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនឹងតម្រូវពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ក្លែងក្លាយ ពោលគឺចាក់វ៉ាក់សាំងដែលមានតែសឹរ៉ាំងទទេ ត្រូវមកចាក់វ៉ាក់សាំងឡើងវិញជាដាច់ខាត។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍កន្លងទៅនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានបើកយុទ្ធនាការចាក់វ៉ាក់ស៊ាំងការពារជំងឺកូវីដ ១៩ ពិសេសមួយ នៅឯមជ្ឈមណ្ឌល PPVs ដែលការចាក់វ៉ាក់សាំងនេះត្រូវបានផ្តល់ជូនចំពោះតែកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីរួមជាមួយនិងសមាជិកក្នុងគ្រួសាររបស់ពួកគាត់តែប៉ុណ្ណោះ។

យ៉ាងណាក្តី បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះភ្លាមស្រាប់តែមានព័ត៌មានជាច្រើនបានបែកធ្លាយតាមបណ្តាញសង្គមដោយបង្ហាញយ៉ាងច្បាស់ថា មានពលរដ្ឋមួយចំនួន ២នាក់បានមកទទួលវ៉ាក់សាំងក្លែងក្លាយ ព្រោះពេលចាក់វ៉ាក់សាំងនោះគឺនៅក្នុងសឺរ៉ាំងគ្មានទឹកថ្នាំទាល់តែសោះ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ករណីចាក់វ៉ាក់សាំងក្លែងក្លាយនេះអាចត្រូវកាត់ទោសតាមផ្លូវច្បាប់ទៀតផង តែខណៈពេលនេះអាជ្ញាធរមានសតម្ថកិច្ចកំពុងបើកការស៊ើបបង្កេតជាមុនសិនដើម្បីឲ្យដឹងច្បាស់ថា តើករណីនេះបានកើតឡើងព្រោះតែមូលហេតុអ្វីឲ្យប្រាកដហើយអ្នកណាខ្លះជាអ្នកពាក់ព័ន្ធក្នុងករណីនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz