ថៃកាន់តែធ្ងន់ធ្ងរ! ជនអនាថាគ្មានផ្ទះសម្បែង ៤នាក់ត្រូវគេប្រទះឃើញបាត់បង់ជីវិតនៅតាមផ្លូវសាធារណៈក្នុងទីក្រុងបាងកក ខណៈគេសង្ស័យថា ពួកគាត់ជាអ្នកជំងឺកូវីដ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា មានបុរសជនជាតិថៃដែលគ្មានផ្ទះសម្បែងស្នាក់នៅពិតប្រាកដចំនួន ៤ នាក់ហើយ ដែលបានដេកស្លាប់នៅលើដងផ្លូវសាធារណៈ ខណៈគេសង្ស័យថាពួកគាត់បានស្លាប់ព្រោះតែជំងឺកូវីដ ១៩។ ជនរងគ្រោះទី ១ ត្រូវបានគេប្រទះឃើញដេកស្លាប់កាលពីថ្ងៃអង្គារ នៅម៉ោង ១០ ព្រឹក នៅក្បែរវត្ត Wat Bowonniwet ក្នុងទីក្រុងបាងកក ខណៈក្រុមបុគ្គលិកសុខាភិបាលបានទៅយកសាកសពរបស់គាត់នៅម៉ោង ២ រសៀល។

សាកសពជនរងគ្រោះទី ២ ត្រូវបានគេប្រទះឃើញនៅលើផ្លូវរថ្មើរជើងក្នុងតំបន់ Ratchadamnoen Klang Avenue នៅម៉ោង ៦ល្ងាច ហើយនៅម៉ោង ១០ និង ៣០នាទីយប់ទើបមានខាងអាជ្ញាធរទៅយកសាកសាពរបស់គាត់។ ដោយឡែកសាកសពចំនួន ២ ផ្សេងទៀតត្រូវបានគេប្រទះឃើញនៅមុខអាគារ Lotus Rama IV និងនៅលើផ្លូវដងផ្លូវ Hathairat ក្នុងតំបន់ Khlong Toei កាលពីថ្ងៃពុធម្សិលមិញនេះ។ សូមបញ្ជាក់ថា សាកសពបុរសទាំង ៤ នាក់នេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយមូលហេតុនៃការស្លាប់ពិតប្រាកដក៏មិនត្រូវបានគេដឹងដែរ តែតាមការសន្និដ្ឋានគឺពួកគាត់អាចស្លាប់ព្រោះតែជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand