កង់បីឥណ្ឌាបើកលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តតាក់ស៊ីApp ដែលបើកបំពានភ្លើងស្ដុបយ៉ាងពេញទំហឹង បណ្ដាលអោយម្ចាស់កង់បីប្លោងចេញតាមកញ្ជក់ខាងមុខរងរបួសធ្ងន់
រាជធានីភ្នំពេញ៖ អ្នកបើកកង់បីម្នាក់បានរងរបួសធ្ងន់ ប្លោងបោកធ្លាយចេញតាមកញ្ចក់ខាងមុខ បន្ទាប់ពីបើកកង់បីឥណ្ឌាមួយគ្រឿង បើកក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តតាក់ស៊ីApp ក្រុមហ៊ុន LM CAR ដែលបើកបរបំពានភ្លើងស្តុប នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរងការខូចខាតបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចស្តុបពេទ្យអង្គឌួង ផ្លូវបំបែកជាបួន លើផ្លូវនរោត្តម កែងផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IA-5896 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចស្តុបពេទ្យអង្គឌួង(កន្លែងកើតហេតុ) ភ្លើងស្តុបចរាចរណ៍ពណ៌ខៀវ ទើបកង់បីឥណ្ឌាបន្តដំណើរទៅមុខត្រង់ ស្រាប់តែទៅបុកចំទ្វាររថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-1753 ជារថយន្តក្រុមហ៊ុន LM CAR តាក់ស៊ី App បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន និងបំពានភ្លើងស្តុបចរាចរណ៍ បណ្ដាលឲ្យម្ចាស់កង់បីឥណ្ឌាបោកនិងកញ្ចក់កង់បីឥណ្ឌាពេញទំហឹង ហោះចេញមកក្រៅតាមកញ្ចក់រងរបួសធ្ងន់ បែកក្បាលហូរឈាមពេញថ្នល់ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរប្រទះឃើញ ជួយទាក់ទងរថយន្តសង្គ្រោះ គ្លីនិកឯកជន សុងការណ៍ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកកង់បីឥណ្ឌា ខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងរថយន្តតាក់ស៊ី ខូចខាតផ្នែកខាងស្ដាំយ៉ាងដំណំ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើល និងសហការជាមួយជំនាញ ចុះមកវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់ ៕









ដោយ៖ បងម៉េង ខ្មែរណូត