ចរាចរណ៍

បុរសបើកកង់បីឥណ្ឌាបត់ឆ្លងកាត់ទទឹងផ្លូវមិនប្រយ័ត្ន ត្រូវយុវជនបើកម៉ូតូយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងរងរបួសបែកចិញ្ចើម បង្កការឈ្លោះប្រកែកគ្នា ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរគមន៍

BY
srey nuch
July 22, 2021

រាជធានីភ្នំពេញ៖ បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង បត់ឆ្វេងឆ្លងកាត់ទទឹងផ្លូវ បំណងត្រលប់ក្រោយ មិនប្រយ័ត្នក៏ត្រូវ យុវជនម្នាក់បើកម៉ូតូមកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកង់បីឥណ្ឌាចំពីចំហៀងខាងស្ដាំ បណ្ដាលឲ្យរងរបួសបែកចិញ្ចើមហូរឈាម និងម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកកង់បីឥណ្ឌាខូចខាតចំហៀងខាងស្ដាំ ដោះស្រាយ តែមិនត្រូវគ្នាក៏ប្រកែក គ្នាផ្អើលមួយប្រាវ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារ ចុះមកសម្របសម្រួល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីម៉ោង១១៖០៣នាទីយប់ ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចច្រមុះជ្រូកផ្លូវទន្លេសាប(ត្រើយម្ខាង) សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកកង់បី ឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH-4225 ធ្វើដំណើរតាមផ្លូវទន្លេសាប(ទិសដៅពីជើងមកត្បូង) លុះមកដល់ចំណុចច្រមុះជ្រូកផ្លូវទន្លេសាប(ជាចំណុចកើតហេតុ) កង់បីឥណ្ឌាបានបត់ឆ្វេងឆ្លងកាត់ទទឹងផ្លូវ បំណងត្រលប់ក្រោយ មិនប្រយ័ត្នក៏ត្រូវយុវជនម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់(Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HM-1769 បានធ្វើដំណើរមកតាមបណ្ដោយផ្លូវទន្លេសាប(ទិសដៅពីសណ្ឋាគារសុខាទៅស្ពានជ្រោយចង្វារ ពីត្បូងទៅជើង) ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកកង់បីឥណ្ឌា ចំពីចំហៀងខាងស្ដាំ បណ្ដាលឲ្យរងរបួសបែកចិញ្ចើមហូរឈាម និង ម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកកង់បីឥណ្ឌាខូចខាតចំហៀងខាងស្ដាំ ហើយភាគីទាំងសងខាងបានហៅ បងប្អូនសាច់ញាតិមកកន្លែងកើតហេតុដើម្បីជួយដោះស្រាយតែបែរជាឈ្លោះ ប្រកែក គ្នាផ្អើលមួយប្រាវ ដឹងដល់កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ជ្រោយចង្វា ចុះមកពិនិត្យមើល និងអោយភាគីទាំងសងខាងដោះស្រាយ គ្នាមួយជំហ៊ានសិនផងដែរ តែបើការដោះស្រាយមិនត្រូវគ្នាទេ សមត្ថកិច្ចនិងយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំដោះស្រាយពេលក្រោយ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ភាគីទាំងសងខាង ចរចាគ្នាមិនត្រូវក៏ប្រគល់អោយសមត្ថកិច្ចចុះមកបាញ់គំនូស រួចយក មធ្យោបាយទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីរងចាំដោះស្រាយតាមច្បាប់ នៅពេលក្រោយទៀត ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: