អន្តរជាតិ

អ្នកជំងឺកូវីដចំនួន ២នាក់បានទៅតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយព្យាបាលពួកគាត់

BY
Pheakdey
July 22, 2021

ថៃ៖ អ្នកជំងឺកូវីដ ១៩ ថៃចំនួន ២ នាក់បានទៅតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយសង្គ្រោះជីវិតរបស់ពួកគាត់។ អ្នកជំងឺកូវីដ ១៩ ទាំង ២នេះនាក់នេះបានប្រាប់ឲ្យដឹងថា ពួកគាត់បានតេស្តវិជ្ជមានកាលពីថ្ងៃទី ១៥ ខែ កក្កដាកន្លងទៅនេះ ហើយបន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានភ្លាមពួកគាត់ក៏បានជូនដំណឹងទៅខាងអាជ្ញាធរសុខាភិបាលដែរ តែរហូតមកទល់នឹងពេលនេះគ្មានអ្នកណាម្នាក់ទៅទទួលយកពួកគាត់មកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ ដូចនេះហើយទើបពួកគាត់សម្រេចមកតវ៉ានៅមុខវិមានរដ្ឋាភិបាលតែម្តងដើម្បីទាមទារឲ្យខាងអាជ្ញាធរជួយព្យាបាលពួកគាត់។

ក្រោយកើតមានករណីនេះប៉ូលិសថៃចំនួន ២៥នាក់ ដែលសុទ្ធតែបានស្លៀកពាក់ឈុតការពារមេរោគបានចុះទៅធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយបច្ចុប្បន្នអ្នកជំងឺទាំង ២នាក់នេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលមួយកន្លែងដែលស្ថិតនៅក្នុងវត្ត Wat Intharawihan ក្នុងទីក្រុងបាងកក។ គួរបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកទាំងអស់សុទ្ធតែបានផ្ទុកអ្នកជំងឺកូវីដ ១៩ ពេញអស់ហើយ ដូចនេះអ្នកឆ្លងថ្មីជាច្រើនត្រូវតែធ្វើការរង់ចាំរហូតមានគ្រែពេទ្យទំនេរទើបពួកគាត់អាចមានឱកាសទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបាន ហើយនាពេលកន្លងមកក៏មានអ្នកជំងឺខ្លះត្រូវស្លាប់នៅក្នុងផ្ទះផងដែរ ក្នុងអំឡុងពេលរង់ចាំគេមកទទួលយកទៅព្យាបាលនេះ៕

អត្ថបទ៖ ភក្តី

ប្រភព​៖ National Thailand 

Share This Post: