ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ៧ថ្ងៃជាប់ៗគ្នាហើយ ដែលថៃរកឃើញអ្នកឆ្លងកូវីដថ្មីជាង១ម៉ឺននាក់រៀងរាល់ថ្ងៃ ខណៈតួលេខឆ្លងសរុបកើនដល់ជាង ៤៦ម៉ឺននាក់

    BY Pheakdey July 23, 2021
    ៧ថ្ងៃជាប់ៗគ្នាហើយ ដែលថៃរកឃើញអ្នកឆ្លងកូវីដថ្មីជាង១ម៉ឺននាក់រៀងរាល់ថ្ងៃ ខណៈតួលេខឆ្លងសរុបកើនដល់ជាង ៤៦ម៉ឺននាក់

    ថៃ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់រយៈពេល ១ សប្តាហ៍ចុងក្រោយនេះ ដោយតួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅទូទាំងប្រទេសបានកើនឡើងក្នុងខ្ទង់ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនិងមានរយៈពេល ៧ ថ្ងៃជាប់គ្នាមកហើយ។ តួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើននេះបានផ្តើមកើតមាននៅក្នុងថ្ងៃទី ១៧ ខែកក្កដា ដោយនៅក្នុងថ្ងៃនោះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងថ្មីចំនួន ១០,០៨២នាក់ និងស្លាប់​ ១៤១នាក់។ នៅថ្ងៃទី ១៨ មានចំនួន ១១,៣៩៧ នាក់ និងស្លាប់ ១០១ នាក់។ ក្នុងថ្ងៃទី១៩ មានចំនួន ១១,៧៨៤នាក់ និងស្លាប់ ៨១នាក់។ ក្នុងថ្ងៃទី២០ មានចំនួន ១១,៣០៥នាក់ និងស្លាប់ ៨០នាក់។ ថ្ងៃទី២១ មាន ១៣,០០២ នាក់ និងស្លាប់ ១០៨នាក់ និងនៅក្នុងថ្ងៃទី២២ មានចំនួន ១៣,៦៥៥នាក់ និងស្លាប់ ៨៧នាក់។

    ដោយឡែកសម្រាប់ថ្ងៃសុក្រទី ២៣ ខែកក្កដានេះវិញ តួលេខអ្នកឆ្លងថ្មីនៅទូទាំងប្រទេសថៃបានកើនឡើងរហូតដល់ ១៤,៥៧៥ នាក់ ខណៈចំនួនអ្នកស្លាប់វិញមានចំនួន ១១៤ នាក់ផងដែរ។ បើគិតជាសរុបរួមគឺត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំ​នួន ៤៦៧,៧០៧នាក់ និងស្លាប់សរុបចំនួន ៣,៨១១ នាក់។ សូមបញ្ជាក់ផងដែរថា នៅចំពោះមុខស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ យ៉ាងច្រើនដូចនេះ អាជ្ញាធរសុខាភិបាលថៃក៏បានជួបប្រទះនឹងបញ្ហាដ៏ធំមួយផងដែរគឺនៅតាមមន្ទីរពេទ្យក្នុងទីក្រុងបាងកកនិងតាមបណ្តាខេត្តមួយចំនួនគ្មានកន្លែងទំនេរសម្រាប់ដាក់ព្យាបាលអ្នកឆ្លងថ្មីនោះទេ ដោយអ្នកឆ្លងថ្មីទាំងអស់ត្រូវធ្វើការរង់ចាំជាច្រើនថ្ងៃរហូតមានគ្រែទំនេរទើបពួកគាត់អាចទៅសម្រាកក្នុងមន្ទីរពេទ្យបាន ហើយក៏មានអ្នកជំងឺខ្លះបានស្លាប់នៅផ្ទះខ្លួនឯងក្នុងអំឡុងពេលរង់ចាំនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Kapook

    Share This Post: