ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ក្រុមអ្នកជិះកង់ហាត់ប្រាណតាមផ្លូវ៦០ម៉ែត្រ ត្រូវម៉ូតូធំជិះទៅបុកពីក្រោយ បណ្ដាលឲ្យរបួសហើយខូចខាត កង់២គ្រឿង តម្លៃជិត៣ពាន់ដុល្លារ

    BY Khmernote Media July 24, 2021
    ក្រុមអ្នកជិះកង់ហាត់ប្រាណតាមផ្លូវ៦០ម៉ែត្រ ត្រូវម៉ូតូធំជិះទៅបុកពីក្រោយ បណ្ដាលឲ្យរបួសហើយខូចខាត កង់២គ្រឿង  តម្លៃជិត៣ពាន់ដុល្លារ

    រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលបុកក្រុមអ្នកជិះកង់ហាត់ប្រាណចំនួនពីរគ្រឿង “មួយគ្រឿងមានតម្លៃជាង ២០០០ដុល្លារ និង១គ្រឿងទៀតតម្លៃ ៧០០ដុល្លារ” បណ្ដាលឲ្យរងការខូចខាត និងម្ចាស់រងរបួសទាំងសងខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥៖៣០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញក្រុមអ្នកជិះកង់ហាត់ប្រាណចំនួន០៨គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ខណ:ពួកគាត់កំពុងជិះកង់សុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក យ៉ៅមហា អឹមស្លាស់ (YAMAHA M-Slaz) ពាក់ស្លាកលេខភ្នំពេញ 1IS-9935 បើកបរដោយយុវជនម្នាក់ បានមកបុកពីក្រោយ បណ្តាលឲ្យកង់ចំនួនពីរគ្រឿង រងការខូចខាត និងម្ចាស់រងរបួសទាំងសងខាង។

    ប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់មានគ្នាចំនួន០៨នាក់ បាននាំគ្នាជិះកង់ហាត់ប្រាណ នៅតាមដងផ្លូវកើតហេតុនេះ ជាយូរឆ្នាំមកហើយ មិនដែលមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ទើបតែថ្ងៃនេះពួកគាត់ជួបគ្រោះថ្នាក់ ដោយសារយុវជនខាងលើ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បានមកបុកពីក្រោយ បណ្តាលឲ្យកង់ចំនួនពីរគ្រឿងរងការខូចខាត និងរងរបួសបន្តិចបន្តួចផងដែរ។ ពួកគាត់បានបញ្ជាក់ថា កង់ទាំងពីរគ្រឿងនេះ មួយគ្រឿងមានតម្លៃជាងពីរពាន់ដុល្លារ និងមួយគ្រឿង ទៀតមានតម្លៃប្រាំរយដុល្លារ។ ចំណែកភាគីខាងម៉ូតូបង្កហេតុនោះវិញ ក៏បាននិយាយឲ្យដឹងថា ខណ:កំពុងធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុខាងលើ គាត់បានជិះម៉ូតូគេចរថយន្ត ក៏បណ្តាលឲ្យជ្រុលល្បឿនមកបុកកង់នៅខាងមុខ បណ្តាលឲ្យដួលរងរបួសផងដែរ ។

    ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នាជាបឋម នៅត្រង់ចំណុចកើតហេតុ ប៉ុន្តែដោះស្រាយមិនត្រូវនោះទេ ព្រោះតម្លៃកង់ទាំងពីរគ្រឿងនេះ មួយគ្រឿងមានតម្លៃជាង ២០០០ដុល្លារ និង១គ្រឿងទៀតតម្លៃ ៧០០ដុល្លារ ទើបសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះមកដល់ក៏ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍សង្កាត់ជើងឯក ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីទាំងសងខាងរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះមិនជាធ្ងន់ធ្ងរនោះទេ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: