ហ្វីលីពីនសម្រេចហាមឃាត់មិនឲ្យពលរដ្ឋវ័យក្មេងរាប់លាននាក់ចេញពីផ្ទះ ក្រោយមេរោគកូវីដ ១៩បំប្លែងខ្លួន Delta រាតត្បាតខ្លាំងនៅក្នុងសហគមន៍
ហ្វីលីពីន៖ កាលពីថ្ងៃសុក្រ ទី ២៣ កក្កដា ម្សិលមិញនេះប្រទេសហ្វីលីពីនបានបញ្ជាឲ្យមានការបិទខ្ទប់ចំពោះពលរដ្ឋវ័យក្មេងរាប់លាននៅទូទាំងប្រទេសដោយហាមមិនឲ្យពួកគេចេញក្រៅផ្ទះឡើយ ក្រោយអាជ្ញាធរសុខាភិបាលហ្វីលីពីនរកឃើញថាករណីរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta នៅក្នុងសហគមន៍បន្តកើនឡើងគួរឲ្យគត់សម្គាល់ ខណៈគេមិនបានដឹងពីប្រភពចម្លងនោះច្បាស់លាស់ទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ពលរដ្ឋវ័យក្មេងដែលត្រូវអនុវត្តវិធានការបិទខ្ទប់នេះគឺជាពលរដ្ឋដែលមានអាយុចន្លោះពី ៥-១៧ ឆ្នាំ ពោលគឺជាក្រុមមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩។

បន្ថែមពីលើនេះ អាជ្ញាធរហ្វីលីពីនក៏បានអំពាវនាវឲ្យពលរដ្ឋទូទៅត្រូវកាត់បន្ថយការចេញទៅញ៉ាំអាហារនៅក្រៅផ្ទះ ការទៅរកសេវាកម្មកំសាន្ត និងការជួបជុំបែបសាសនាផងដែរ។ ជាងនេះទៅទៀតហ្វីពីលីនក៏បានសម្រចហាមឃាត់អ្នកដំណើរមកពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងប៉ាគីស្ថានមិនឲ្យចូលប្រទេសខ្លួនតែម្តង ខណៈនៅតាមច្រកព្រំដែនជាប់ប្រទេសថៃនិងម៉ាឡេស៊ីក៏ត្រូវរឹតបន្តឹងចំពោះការចេញចូលរបស់អ្នកដំណើរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះហ្វីលីពីនមានអ្នកឆ្លងជំំងឺកូវីដ ១៩ សរុបជាង ១,៥លាននាក់ ហើយហ្វីលីពីនមានពលរដ្ឋដែលបានចាក់វ៉ាក់រួចរាល់ទាំង ២ ដូសជាង ៥ លាននាក់ និងចាក់បាន ១ដូស ជាង ១០,៥ លាននាក់ ខណៈដែលហ្វីលីពីនមានពលរដ្ឋសរុបជិត ១១០លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia