ចរាចរណ៍

រថយន្តធុនធំ ដឹកផ្លែឈើមកពីវៀតណាម ផ្ទុះបែកកង់មុខរេចង្កូតទៅបុករថយន្តដឹកសំរាមរបស់សាលារាជធានី បណ្ដាលអោយក្រឡាប់ផ្ញារជើងម្ខាង ចាក់ផ្លែឈើរាយប៉ាយពេញផ្លូវ

BY
srey nuch
July 27, 2021

រាជធានីភ្នំពេញ៖ រថយន្ត HINO ដឹកផ្លែឈើមកពីវៀតណាម ផ្ទុះបែកកង់មុខរេចង្កូតទៅបុកកៀររថយន្តដឹកសំរាមរបស់សាលារាជធានីភ្នំពេញ កំពុងប្រមូលសំរាមតាមផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែចាក់ផ្លែឈើរាយប៉ាយពេញផ្លូវ នៅខាងត្បូងច្រកចូលសាលាសង្កាត់ព្រែកលៀប ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមសម្ដីអ្នកបើកបររថយន្តដឹកផ្លែឈើខាងលើបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តធុនធំម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-6661 ដឹកផ្លែឈើពីប្រទេសវៀតណាម តាមច្រកមានជ័យ ខេត្តព្រៃវែង ដោយធ្វើដំណើរចូលមករាជធានីភ្នំពេញ ដើម្បីយកទៅកាន់ផ្សារនាគមាស តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់គាត់ បានផ្ទុះបែកកង់មុខខាងស្ដាំ បណ្ដាលឲ្យរេចង្កូតទៅបុកប៉ះរថយន្ដដឹកសំរាមរបស់សាលារាជធានីភ្នំពេញ ពណ៌បៃតង ពាក់ស្លាកលេខរដ្ឋ 07 3-1029 ដែលមានកម្មករកំពុងប្រមូលសំរាម រត់ចែកជើងគ្នាឡើងចិញ្ចើមផ្លូវទាន់ពេល បណ្ដាលឲ្យរថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងម្ខាងតែម្ដង តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែចាក់ផ្លែឈើរាយប៉ាយពេញផ្លូវប៉ុណ្ណោះ ត្រូវបានម្ចាស់រថយន្តទូរស័ព្ទហៅរ៉ឺម៉ក និងរថយន្តផ្សេងទៀត មកសាង ផ្លែឈើ មួយចំនួនដែលនៅសេសសល់ ដើម្បីយកទៅលក់បន្តនិងមួយចំនួនទៀតខូចខាតរាយប៉ាយពេញកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលនិងអោយភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហានសិន តែបើដោះស្រាយមិនត្រូវគាត់ទំនាក់ទំនងហៅជំនាញចុះមកវាស់វែង យកទៅរក្សាទុកដោះស្រាយពេលក្រោយ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ព្រែកលៀប សហការជាមួយកម្លាំង នគរបាលចរារណ៍ ខណ្ឌជ្រោយចង្វារ បានចុះមកដល់កន្លែងកើតហេតុ ទុកពេលអោយខាងរថយន្តដឹកផ្លែឈើចរចាជាមួយភាគីរថយន្តប្រមូលសំរាមសិន បើនៅតែមិនត្រូវគ្នាសមត្ថកិច្ចនិងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មក វាស់វែងយករថយន្តទាំង២ គ្រឿងនេះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: