ចរាចរណ៍

ប្រធានគណៈកម្មការទូកង វត្តចាក់អង្រែក្រោម ជិះកូនម៉ូតូកង់បីត្រលប់ទៅផ្ទះ បែរជាត្រូវយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុក បណ្ដាលឲ្យរងរបួសធ្ងន់ ហើយលើកម៉ូតូជិះរត់បាត់

BY
srey nuch
July 28, 2021

រាជធានីភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយយុវជនម្នាក់ ជិះម៉ូតូPCX(មិនចាំស្លាកលេខ) ក្នុងល្បឿនលឿន ទៅបុកកូនម៉ូតូកង់បីរបស់បុរសម្នាក់(ជាប្រធានគណៈកម្មការទូកង វត្តចាក់អង្រែក្រោម) បណ្ដាលឲ្យរងរបួសធ្ងន់ ដេកដួលនៅកន្លែងកើតហេតុ ហើយភាគីខាងម៉ូតូ PCX បានជិះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ទាក់ទងរថយន្តគិលានសង្គ្រោះ គ្លីនិកឯកជន មកដឹកជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩៖២៥នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុង(ច្រកលោកតាដេីមពោធិ៍) ទល់មុខអតីតផ្ទះតាម៉ុង ភូមិទួលរកា ១ សង្កាត់ចាក់អងែ្រក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គឹម សុវណ្ណ (ហៅ កុងវេង) ភេទប្រុស អាយុ៧០ឆ្នាំជាង ដែលគេស្គាល់ថាជា ប្រធានគណៈកម្មការ ទូកង វត្តចាក់អង្រែក្រោម មានទីលំនៅផ្ទះមិនស្គាល់លេខ ទល់មុខអតីតសកលវិទ្យាល័យIIC ផ្លូវជាតិលេខ២ សង្កាត់ចាក់អងែ្រក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ដែលអ្នកភូមិស្គាល់គាត់ជាចាស់ទុំក្នុងភូមិ និងជាប្រធាន គណៈកម្មការ ទូកង វត្តចាក់អង្រែក្រោមផងដែរ បានជិះកូនម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហមខ្មៅ ពុំមានស្លាកលេខទេ បានធ្វើដំណើរតាមផ្លូវបេតុង(ច្រកលោកតាដើមពោធិ៍) ពីលិចទៅកើត ក្នុងល្បឿនយឺតៗ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda PCX ពណ៌ស (មិនចាំស្លាកលេខ) ធ្វើដំណើរពីកើតមកលិចវិញ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកចំម៉ូតូកង់បីខាងលើពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ និងបែកក្បាលដេកដួកនៅកន្លែងកើតហេតុ ហើយភាគីខាងម៉ូតូ PCX ទំនងជារបួសស្រាល បានលើកម៉ូតូជិះរត់គេចខ្លួនបាត់តែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចេញមកជួយសង្គ្រោះបឋម និងលើកជនរងគ្រោះមកអែបខាង ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ជួយទាក់ទងរថយន្តគិលានសង្គ្រោះ គ្លីនិកឯកជនសួគា៍ មកដឹកជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ក្រុមគ្រួសារសុំសមត្ថកិច្ចយកម៉ូតូរបស់ជនរងគ្រោះ យកទៅផ្ទះវិញ សិន និងរងចាំដាក់ពាក្យបណ្ដឹងពេលក្រោយ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកម៉ូតូដែលរត់គេចខ្លួននោះ តាមកាមេរ៉ាសុវត្ថិភាព ដើម្បីយកមកដោះស្រាយតាមច្បាប់ ៕

ដោយ៖​ បងម៉េង ខ្មែរណូត

Share This Post: