អន្តរជាតិ

បុគ្គលិកសុខាភិបាលថៃម្នាក់បានបាត់បង់ជីវិត ក្រោយមកធ្វើតេស្តឃើញមានវិជ្ជមានកូវីដ១៩ ខណៈបុគ្គលិកពេទ្យ ២០០នាក់ទៀតកំពុងធ្លាក់ខ្លួនឈឺដែរ

BY
Pheakdey
August 3, 2021

ថៃ៖ បុគ្គលិកសុខាភិបាលថៃម្នាក់ត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយមកគេយកសំណាកគាត់ទៅធ្វើតេស្ត ក៏រកឃើញមានវិជ្ជមានជំងឺកូវីដ ១៩។ បុគ្គលិកសុខាភិបាលរូបនេះមានឈ្មោះថា  Uraiwan Chantharaplin ភេទស្រី អាយុ ៤៥ ឆ្នាំ មានតួនាទីជាគិលានុប្បដ្ឋាយិកាប្រចាំនៅក្នុងមន្ទីរពេទ្យខេត្តសាមុតសាខន។

មុនពេលស្លាប់ស្រ្តីជាបុគ្គលិកសុខាភិបាលរូបនេះបានកើតមានអាការៈក្តៅខ្លួនខ្លាំង ក្អក និងឈឺបំពងកយ៉ាងខ្លាំង ហើយកម្លាំងរបស់គាត់បានចុះខ្សោយខ្លាំងរហូតត្រូវដាច់ខ្យល់ស្លាប់តែម្តង។  ប្រភពខាងលើបានបន្តថា មុនពេលស្ត្រីរូបនេះបានស្លាប់ រូបគាត់ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sinovac  ដូសទី ១ រួចរាល់ផងដែរ។ ក្រោយការស្លាប់របស់គាត់បានមួយថ្ងៃ ពោលគឺនៅថ្ងៃចន្ទ ទី ២ ខែសីហាម្សិលមិញនេះ គេបានពិនិត្យសំណាករបស់គាត់និងបានរកឃើញថា គាត់វិជ្ជមានជំងឺកូវីដ ១៩។

លោកវេជ្ជបណ្ឌិត Anukul Thaithanan ប្រធានមន្ទីរពេទ្យ Samutsakhon បានឲ្យដឹងថា នេះជាលើករណីទី១ហើយ ដែលមានបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ Samutsakhon បានស្លាប់ដោយសារ ជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា មានបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ប្រមាណ ២០០នាក់ទៀតកំពុងធ្លាក់ខ្លួនឈឺ ដោយសារវីរុសនេះបើទោះបីជាពួកគេភាគច្រើនមិនមានរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ។

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: