អន្តរជាតិ

ម៉ាកាវសម្រេចធ្វើតេស្តពលរដ្ឋខ្លួនទាំងអស់ក្រោយរកឃើញអ្នកឆ្លងកូវីដ ១៩ក្នុងសហគមន៍ចំនួន ៤ករណី

BY
Pheakdey
August 4, 2021

ម៉ាកាវ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ៤ ខែ សីហានេះអាជ្ញាធរក្រុងម៉ាកាវបានជូនដំណឹងបន្ទាន់មួយដោយអាជ្ញាធរនឹងសម្រេចធ្វើតេស្តរកជំងឺកូវីដ ១៩ ចំពោះពលរដ្ឋខ្លួនទាំងអស់ ក្រោយក្រុងដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងដ៏ធំមួយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ករណីនៅក្នុងសហគមន៍។ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកធ្វើតេស្តនោះ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបង្កើតកន្លែងធ្វើតេស្តចំនួន ៤១ នៅទូទាំងទីក្រុង ខណៈកន្លែងធ្វើតេស្តទាំងនោះនឹងបើកដំណើរការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និងក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នាផងដែរ។

អាជ្ញាធរក្រុងម៉ាកាវបានបញ្ជាក់ថា ពលរដ្ឋម៉ាកាវត្រូវមកធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយស្មើភាពគ្នាទាំងអស់ ពោលគឺត្រូវមកតម្រង់ជួរតាមលេខរៀងបន្តបន្ទាប់គ្នា ខណៈការណាត់ជួបជាមួយក្រុមគ្រូពេទ្យដើម្បីកំណត់ម៉ោងមកធ្វើតេស្តនឹងមិនត្រូវបានអនុញ្ញាតនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះក្រុងម៉ាកាវទើបរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ត្រឹម ៥៩នាក់ប៉ុណ្ណោះ ហើយម៉ាកាវគ្មានករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នោះទេ ខណៈក្រុងមួយនេះមានប្រជាពលរដ្ឋសរុបជាង ៦៤ ម៉ឺននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: