អន្តរជាតិ

ម្ចាស់មេដាយមាសកីឡាវាយសីអូឡាំពិកតំណាងឥណ្ឌូនេស៊ីនឹងទទួលបានរង្វាន់ សត្វគោ ៥ក្បាល, ភោជនីយដ្ឋាន ១កន្លែង, ផ្ទះ ១ខ្នង និងប្រាក់មួយចំនួនពេលត្រលប់ទៅដល់ប្រទេសកំណើតវិញ

BY
Pheakdey
August 4, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា កីឡាការនីជម្រើសជាតិឥណ្ឌូនេស៊ីចំនួន ២រូប ដែលដណ្ដើមបានជ័យលេភីមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិតក្នុងប្រទេសជប៉ុននឹងទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ពេលពួកគាត់ត្រលប់មកដល់ប្រទេសកំណើតវិញ ខណៈក្នុងគម្រោងពួកគាត់ម្នាក់ៗនឹងទទួលបាន សត្វគោចំនួន ៥ក្បាល ភោជនីយដ្ឋានលក់ប្រហិតសាច់គោ ១កន្លែង ផ្ទះថ្មី ១ ខ្នង និងប្រាក់សុទ្ធមួយចំនួនផងដែរ។ ម្ចាស់មេដាយមាសទាំង ២រូបនេះគឺកីឡាការនី Greysia Polii និង កីឡាការនី Apriyani Rahayu ដែលពួកគាត់បានលេងជាក្រុមក្នុងវិញ្ញាសាវាយសីតំណាងឲ្យប្រទេសឥណ្ឌូនេស៊ី ខណៈការប្រកួតចុងក្រោយរបស់ពួកគាត់គឺពួកគាត់បានយកឈ្នះទៅលើក្រុមកីឡាករនីវាយសីចិន កាលពីថ្ងៃចន្ទ ទី ២ សីហា ដើមសប្តាហ៍នេះ។

កីឡាការនី Greysia Polii (ឆ្វេង) និង កីឡាការនី Apriyani Rahayu (ស្តាំ)

គួររម្លឹកថា កីឡាវាយសីគឺជាកីឡាមួយប្រភេទដែលមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិតឆ្នាំ ១៩៩២ មក ឥណ្ឌូនេស៊ីតែងទទួលបានជ័យលេភីមេដាយមាសចំពោះវិញ្ញាមួយនេះមិនដែលខានឡើយ។ បើតាមសមាគមកីឡាវាយសីឥណ្ឌូនេស៊ីបានឲ្យបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុម័តកញ្ចប់ថវិកាចំនួន ៥ពាន់លានរូពី (៣៤៩,៥៦៧ ដុល្លារអាមេរិក) សម្រាប់រៀបចំជារង្វាន់ចំពោះម្ចាស់មេដាយមាសទាំង ២រូបនេះ ខណៈពួកគាត់ក៏អាចទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមជាច្រើនទៀតពីសំណាក់ក្រុមហ៊ុនឯកជននិងសប្បុរសជនផងដែរ។ ដោយឡែកចំពោះរង្វាន់ជាភោជនីយដ្ឋានវិញគឺគេនឹងពិភាក្សាជាមួយសមីខ្លួនជាមុនសិនដើម្បីគេអាចរចនាឡើងឲ្យស្របទៅតាមចិត្តស្រលាញ់របស់ពួកគាត់ម្នាក់ៗ៕

អត្ថបទ​៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: