ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានមន្ទីរពេទ្យថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយទាមទារប្រាក់កម្រៃជើងសាក្រៅផ្លូវការជិត ៣ពាន់ដុល្លារពីក្រុមហ៊ុនផ្តល់សេវាដំឡើងប្រព័ន្ធកំព្យួទ័រក្នុងមន្ទីរពេទ្យ

    BY Pheakdey August 6, 2021
    ប្រធានមន្ទីរពេទ្យថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយទាមទារប្រាក់កម្រៃជើងសាក្រៅផ្លូវការជិត ៣ពាន់ដុល្លារពីក្រុមហ៊ុនផ្តល់សេវាដំឡើងប្រព័ន្ធកំព្យួទ័រក្នុងមន្ទីរពេទ្យ

    ថៃ៖ ប្រធានមន្ទីរពេទ្យជនជាតិថៃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីរូបគាត់បានទារប្រាក់កម្រៃជើងសាក្រៅផ្លូវការពីក្រុមហ៊ុនឯកជនមួយដែលទទួលរៀបចំដំឡើងប្រព័ន្ធកុំព្យួទ័រនៅក្នុងមន្ទីរពេទ្យ។ វេជ្ជបណ្ឌិតដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះថា Wichai Rattthanaphanphanit អាយុ ៥៣ ឆ្នាំ មានតួនាទីជាប្រធានមន្ទីរពេទ្យ Bangkruai ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Nonthaburi  ខណៈមន្ទីរពេទ្យមួយនេះគឺជាមន្ទីរពេទ្យរដ្ឋ ហើយរាល់ការចំណាយផ្សេងៗនៅក្នុងមន្ទីរពេទ្យនេះក៏ត្រូវប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋាភិបាលផងដែរ។ បើតាមលោកឧត្តមសេនីយ៍ឯក Charoonkiart Pankaew មេបញ្ជាការអង្គភាពប្រឆាំងអំពើពុករលួយថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះមន្ទីរពេទ្យ Bangkruai ត្រូវដំឡើងប្រព័ន្ធកុំព្យូទ័រថ្មីជាច្រើនកន្លែង ខណៈក្រុមហ៊ុនទទួលរៀបចំដំឡើងប្រព័ន្ធកុំព្យូទ័រនេះបានគិតថ្លៃសេវាចំនួន ២៨០,០០០ បាត (៨,៣៩០ ដុល្លារអាមេរិក)។

    មេបញ្ជាការរូបនេះបានបន្តថា ដោយអាងខ្លួនជាប្រធានមន្ទីរពេទ្យនិងជាអ្នកពិនិត្យមើលរាល់ការចំណាយរបស់មន្ទីរពេទ្យនោះ លោកវេជ្ជបណ្ឌិត Wichai Rattthanaphanphanit បានទារប្រាក់ក្រៅផ្លូវការយ៉ាងច្រើនពីក្រុមហ៊ុនដំឡើងប្រព័ន្ធកុំព្យូទ័រ ដោយគាត់បានទាមទារប្រាក់ ៣៣% នៃប្រាក់ចំណាយសរុប ឬស្មើនឹង ៩៣,០០០ បាត (២,៧៨៦ ដុល្លារអាមេរិក)។ ដោយមិនអាចទ្រាំនឹងសម្ពាធនៃការទាមទារប្រាក់ក្រៅផ្លូវការនេះបាន ខាងក្រុមហ៊ុនឯកជនក៏បានប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ហើយខាងអាជ្ញាធរថៃក៏បានរៀបគម្រោងមកចាប់ខ្លួនប្រធានមន្ទីរពេទ្យរូបនេះដោយផ្ទាល់នៅនឹងកន្លែងតែម្តង ពោលគឺគ្រាន់តែខាងក្រុមហ៊ុនឯកជនផ្តល់លុយជូនគាត់ភ្លាម ខាងអាជ្ញាធរក៏ដល់ភ្លាមនិងចាប់ខ្លួនគាត់ភ្លាមៗតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: