វ៉ាក់សាំងកូវីដប្រភេទ Moderna អាចរក្សាប្រសិទ្ធភាពបាន ៩៣% ក្នុងរយៈពេលពី ៤-៦ ខែក្រោយចាក់ដូសទី ២រួច
កាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែសីហា ម្សិលមិញនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដ៏ធំមួយរបស់អាមេរិកគឺក្រុមហ៊ុន Moderna Biotechnology បានចេញមកអះអាងថា វ៉ាក់សាំងកូវីដប្រភេទ Moderna អាចមានប្រសិទ្ធភាពរហូតដល់ ៩៣% ក្នុងរយៈពេលពី ៤-៦ ខែ ក្រោយពេលចាក់វ៉ាក់សាំងដូសទី ២ រួច។ ប្រសិនបើគេធ្វើការប្រៀបធៀបប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទ Moderna ជាមួយនឹងវ៉ាក់សាំងប្រភេទ Pfizer ដែលជាផលិតផលរបស់អាមេរិកដូចគ្នានិងបង្កើតឡើងក្រោមបច្ចេកវិទ្យា RNA (mRNA) ដូចគ្នានោះ គេអាចមើលឃើញថាវ៉ាក់សាំង Moderna អាចរក្សាប្រសិទ្ធភាពបានខ្ពស់ជាង បើគិតត្រឹមរយៈពេលដូចគ្នា។

គួររម្លឹកថាកាលពីពេលថ្មីៗគេបានរកឃើញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទ Pfizer អាចនឹងធ្លាក់ចុះប្រមាណជា ៦% នៅរៀងរាល់ ២ ខែម្តង ហើយក្នុងចន្លោះពេលពី ៤-៦ ខែ ក្រោយចាក់វ៉ាក់សាំងដូសទី ២ គឺប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer អាចធ្លាក់នៅសល់ត្រឹម ៨៤%ប៉ុណ្ណោះ។ បើតាមលោក Stéphane Bancel ដែលជានាយកក្រុមហ៊ុន Moderna Biotechnology បានឲ្យដឹងថា វាគឺជាដំណឹងដ៏រីករាយមួយដែលលទ្ធផលនៃការសិក្សាបានបង្ហាញថាវ៉ាក់សាំង Moderna អាចរក្សាប្រសិទ្ធភាពបានខ្ពស់ដូចនេះ ហើយវាក៏ជាកត្តាដ៏សំខាន់មួយក្នុងការបញ្ចៀសមនុស្សរាប់លាននាក់នៅលើពិភពលោកមិនឲ្យឆ្លងជំងឺកូវីដ ១៩ ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia