ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដច្រើនបំផុតមិនធ្លាប់មាន ៣ថ្ងៃជាប់ៗគ្នា ខណៈម្សិលមិញរកឃើញជាង ២ម៉ឺនាក់
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃទី ៦ ខែ សីហាម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ២០,៨៨៩ នាក់ ជាជំនួនអ្នកឆ្លងប្រចាំថ្ងៃក៏ច្រើនបំផុតមិនធ្លាប់ ខណៈម៉ាឡេស៊ីមានកំណត់ត្រាអ្នកឆ្លងច្រើនបំផុត ៣ ថ្ងៃជាប់ៗគ្នាហើយ។ គួររម្លឹកថា កាលពីថ្ងៃទី ៤ ខែ សីហា ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងថ្មីជិត ២ ម៉ឺននាក់ ហើយនៅក្នុងថ្ងៃទី ៥ ខែសីហា ចំនួនអ្នកឆ្លងប្រចាំថ្ងៃបន្តកើនឡើងជាង ២០,៥០០ នាក់ ដែលតួលេខនេះសុទ្ធតែជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនមិនធ្លាប់មាននោះទេ។

ទាក់ទងនឹងករណីស្លាប់វិញ កាលពីថ្ងៃម្សិលមិញនេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ១៦០នាក់ផងដែរ តែតួលេខនេះហាក់មិនមានការកើនឡើងខ្ពស់នោះទេ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់បាត់បង់ជីវិតចំនួន ១,០០០ នាក់ គឺមានជនរងគ្រោះប្រមាណជា ៨០-១០០ នាក់បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ១,២លាននាក់ និងស្លាប់ជាង ១ម៉ឺននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia