ការសិក្សាមួយបង្ហាញថា ៨៨%នៃអ្នកចាក់វ៉ាក់សាំងកូវីដដូសទី ៣រួច មានអារម្មណ៍ល្អប្រសើរជាងពេលចាក់ដូសទី ២ ខណៈផលប៉ះពាល់មួយចំនួនក៏បានកើតមានផងដែរ
អ៊ីស្រាអែល៖ យោងតាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Jerusalem Post បានបង្ហាញថា ៨៨% នៃអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៣ រួចគឺពួកគាត់មានដូចគ្នា ឬល្អប្រសើរជាង ពេលដែលពួកគាត់ទើបបានចាក់វ៉ាក់សាំងដូសទី ២ រួច។ ការសិក្សាមួយនេះនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Clalit Health Services ដែលជាមជ្ឈមណ្ឌលផ្តល់សេវាសុខាភិបាលធំជាងគេបង្អស់នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈការសិក្សាមួយនេះត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិពីប្រជាពលរដ្ឋចំនួន ៤,៥០០ នាក់ក្នុងចំណោមពលរដ្ឋមានអាយុលើសពី ៦០ ឆ្នាំចំនួន ២៤០,០០០ នាក់ ដែលទទួលបានវ៉ាក់សាំងដូសទី ៣រួច។
ទន្ទឹមនឹងការរកឃើញលទ្ធផលល្អប្រសើរចំពោះអារម្មណ៍របស់ប្រជាពលរដ្ឋដូចខាងលើនេះ ការសិក្សាដដែលនេះក៏បានរកឃើញផលរំខានមួយចំនួនដែលបានកើតមានចំពោះសុខភាពរាងកាយផងដែរដូចជា៖
-៣១% បានទទួលរងនូវការប៉ះពាល់ (ធ្វើទុក)ម្តង ឬច្រើនជាងម្តង
-២៣% មានការឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំង
-៦% មានអាការៈហើមនៅជុំវិញកន្លែងចាក់វ៉ាក់សាំង
-១% មានអាការៈហើមក្លៀក
-១៥% បានទទួលរងនូវការប៉ះពាល់ជាប្រព័ន្ធ (ធ្វើទុកពីកន្លែងមួយតទៅកន្លែងមួយផ្សេងទៀត) យ៉ាងតិចណាស់ម្តង
-៩% អស់កម្លាំង
-៦,១% មិនសូវស្រួលខ្លួន
-៤,៣% ឈឺក្បាល
-៤,៣ ឈឺចាប់សាច់ដុំ
-២,១ ឈឺសន្លាក់
-១,៤ ក្តៅខ្លួន
-០,៧% ក្អួត ឬរាគ
-០,១% រមាស់ស្បែក
-១% មានអាការៈផ្សេងៗដូចជា ថប់ដង្ហើម និងចង្វាក់បេះដូងលោតញាប់
យ៉ាងណាក្តី ការប៉ះពាល់ខាងលើនេះមិនបានបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះក្រុមប្រជាពលរដ្ឋឡើយ ដោយវាបានបាត់ទៅវិញក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Jerusalem Post