សង្គម

២នាក់ឪពុកកូនជិះកង់ហាលភ្លៀងពីស្រុកមកភ្នំពេញ មានលុយតែ២០០០រៀលទិញប្រហិត សំណាងបានជួបអ៊ុំស្រីលក់ប្រហិតចិត្តធម៌អោយប្រហិតហូបដោយមិនយកលុយ

BY
Khmernote Media
August 9, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីលោកពូម្នាក់ បានជិះកង់ជាមួយកូនស្រីពីស្រុកមកដល់ភ្នំពេញ ហើយបានជួបជាមួយអ៊ុំស្រីលក់ប្រហិតម្នាក់ មានសន្តានចិត្តជូនប្រហិតលោកពូម្នាក់នោះ និងកូនស្រីពិសា ដោយមិនគិតថ្លៃ។ យោងតាមអ៊ុំស្រី សុីម ជឹម បានអោយដឹងនៅលើគណនីហ្វេសប៊ុកថា៖

“គ្រាន់តែរាំងភ្លៀងបានបន្តិច មានពូម្នាក់នឹងកូនស្រីម្នាក់គាត់បានជិះកង់មកឈប់មុនរទះប្រហិតខ្ញុំ ហើយគាត់សួរប្រហិត1ចង្កាក់ប៉ុន្មាន ខ្ញុំក៏ប្រាប់គាត់ថា1ចង្កាក់1000៛ណាពូហើយគាត់សួរថា2000៛បានប៉ុន្មានចង្កាក់ ខ្ញុំក៏ប្រាប់គាត់ថា2000៛បាន2ចង្កាក់ណាពូ ខ្ញុំក៏បានសួរគាត់ថា ជិះកង់មកពីទាំងភ្លៀងជាមួយកូន គាត់ក៏ប្រាប់ថា ទើបតែមកស្រុក ខ្ញុំក៏សួរវិញថា កុំប្រាប់ណា ថាពូជាមួយកូន ជិះកង់ទាំង2នាក់មកពីស្រុកមកភ្នំពេញ គាត់ក៏ឆ្លើយថាបាទ គាត់ថាគ្មានលុយលុយទេណាក្មួយ ចង់ជិះឡានមកដែល ពេលដែលលឺពាក្យនេះ ខ្ញុំក៏បានរើសប្រហិត3ចង្កាក់ទៀតចៀនអោយគាត់ ខ្ញុំក៏ប្រហិតដែលចៀនឆ្អិនប្រគល់អោយគាត់ គាត់ប្រគល់លុយអោយខ្ញុំ ខ្ញុំក៏ប្រាប់គាត់វិញថា ទុកលុយនឹងវិញចុះណាពូថ្ងៃក្រោយបើពូចង់ញាំប្រហិតទៀតអាចមករកខ្ញុំទៀតបាន ខ្ញុំនឹងចៀនប្រហិតញាំទៀតដោយមិនគិតលុយ រួចហើយគាត់អរគុណខ្ញុំ រួចក៏ជិះកង់ទៅវិញកូន ថ្ងៃនេះទោះជាភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្ត ព្រោះបានធ្វើបុណ្យ🙂”។

គួរបញ្ជាក់ផងដែរថា អ៊ុំស្រីលក់ប្រហិតចិត្តធម៌រូបនេះ គាត់ក៏ជាមន្ត្រីប៉ូលិសធ្វើការនៅខណ្ឌទួលគោកផងដែរ ដោយរូបគាត់ឆ្លៀតពេលពីការងារមកលក់ប្រហិត ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម៕

Share This Post: