ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ស្ដែងៗណាស់! រថយន្តស៊េរីទំនើបNX200t បើកបោះពួយយ៉ាងលឿន ទៅបុករថយន្តលក់ការ៉េម កំពុងបើកបត់ត្រឡប់ក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយប៉ើងក្រឡាប់បោកផ្ទប់បង្គោលភ្លើង ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

    BY Khmernote Media August 10, 2021
    ស្ដែងៗណាស់! រថយន្តស៊េរីទំនើបNX200t បើកបោះពួយយ៉ាងលឿន ទៅបុករថយន្តលក់ការ៉េម កំពុងបើកបត់ត្រឡប់ក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយប៉ើងក្រឡាប់បោកផ្ទប់បង្គោលភ្លើង ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

    ខេត្តកណ្ដាល៖ ស្ដែងៗណាស់! រថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក LEXUS NX200t ក្រឡាប់បោកផ្ទប់បង្គោលភ្លើង ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបើកបោះពួយក្នុងល្បឿនលឿន ទៅបុករថយន្តកូរ៉េ លក់ការ៉េម កំពុងបើកបត់ត្រលប់ក្រោយ ពេញទំហឹង ប៉ើងក្រឡាប់ជាច្រើនជុំ បុកបាក់បង្គោលភ្លើង ១ដើម ហើយខ្ទាតបោកក្រឡាប់ផ្ងារជើងម្ខាងផ្ទប់នឹងបង្គោលខ្សែភ្លើង ត្រូវបានប្រជាពលរដ្ឋវាយបំបែកកញ្ចក់ជួយសង្គ្រោះយកចេញក្រៅបានបន្តិចស្រាប់តែរថយន្តផ្ទុះឆេះតែម្ដង ចំណែកប្ដីប្រពន្ធ២នាក់ខាងរថយន្តលក់ការ៉េមរងរបួសធ្ងន់ ក៏ត្រូវបានប្រជាពលរដ្ឋ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខច្រកចូល បុរីសុភមង្គល ស្ថិតនៅតាមបណ្ដោយផ្លូវ២១B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    រថយន្តខាងលើ ម៉ាករថយន្តឡិចស៊ីស(LEXUS NX200t) ពាក់ស្លាកលេខភ្នំពេញ 2BO-8772 បើកបរដោយបុរសម្នាក់ (រងរបួសធ្ងន់) រីឯរថយន្តម្ខាងទៀតម៉ាករថយន្តកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3D-7735 ជារថយន្តលក់ការ៉េម បើកបរដោយបុរសជាប្ដី និងប្រពន្ធរួមដំណើរពីក្រោយ(រងរបួសធ្ងន់ទាំង២) ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុគេ ឃើញរថយន្តអ្នកលក់ការ៉េមខាងលើ បើកបរទិសដៅពីជើងមកត្បូង គោលបំណងត្រឡប់ក្រោយ បំណងត្រឡប់ទៅផ្ទះវិញនៅភូមិស្អាងភ្នំ លុះមកដល់ចំណុចកើតហេតុ ខណៈបត់ឆ្វេងដៃបានបន្តិច ស្រាប់តែមានរថយន្តឡិចស៊ីស LEXUS NX200t ដែលបើកបរតាមផ្លូវ២១B ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងមកត្បូង ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកូរ៉េលក់ការ៉េមខាងលើពេញមួយទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខ្ទាតបើងជាច្រើនម៉ែត្រ ដោយរថយន្ត NX200t ខ្ទាតទៅខាងឆ្វេងដៃឡើងរបាំងថ្មហើយមិនទាន់អស់ល្បឿន ក៏ខ្ទាតវិលបន្តទៅបាក់បង្គោលភ្លើងអស់ ១ដើម បាក់របើកទាំងគល់ បណ្ដាលឲ្យខ្ទាតក្រឡាប់ផ្ងារជើងម្ខាងផ្ទប់នឹងបង្គោលខ្សែភ្លើងដ៏ធំមួយដើមទៀត កៀបជាប់តៃកុងក្នុងកាប៊ីនរថយន្ត នេះចាត់ទុកជាសំណាងដែលត្រូវបានពលរដ្ឋដែលនៅក្បែរនោះ ចេញមកវាយបំបែកកញ្ចក់រថយន្ត ជួយសង្គ្រោះយកចេញបានបន្តិច ស្រាប់តែផ្ទុះឆេះរថយន្តយ៉ាងសន្ធោសន្ធៅតែម្ដង ចំណែកឯរថយន្តលក់ការ៉េមវិញ ខ្ទាតបើងដាច់ តំបូលរថយន្តទៅម្ខាង និងសម្ភារលក់ការ៉េម ខ្ទាតរាយប៉ាយពេញផ្លូវ និងបណ្ដាលឲ្យបុរសជាប្ដីរងរបួសធ្ងន់ ចំណែកប្រពន្ធដែលអង្គុយកន្លែងធុងលក់ការ៉េម ខ្ទាតចេញពីរថយន្តធ្លាក់ទៅលើស្មៅ រងរបួសមធ្យម ក៏ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ រីឯរថយន្តដែលឆេះនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ចេញជួយអន្តរាគមន៍ បាញ់ពន្លត់ដែរ តែសល់តែគ្រោងដែកប៉ុណ្ណោះ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសង្កាត់រកាខ្ពស់ សហការជាមួយកម្លាំងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះមកវាស់វែង រួចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: