ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភោជនីយដ្ឋានជាង ១០០,០០០ កន្លែងកំពុងស្វែងរកជំនួយពីរដ្ឋាភិបាលថៃ ក្រោយរងផលប៉ះពាល់ខ្លាំងពីវិធានការបិទខ្ទប់ប្រទេស

    BY Pheakdey August 11, 2021
    ភោជនីយដ្ឋានជាង ១០០,០០០ កន្លែងកំពុងស្វែងរកជំនួយពីរដ្ឋាភិបាលថៃ ក្រោយរងផលប៉ះពាល់ខ្លាំងពីវិធានការបិទខ្ទប់ប្រទេស

    ថៃ៖ សមាគមន៍ភោជនីយដ្ឋាននៃប្រទេសថៃបានដាក់ញតិ្តទៅកាន់រដ្ឋាភិបាលថៃ ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ជួយសង្រ្គោះភោជនីយដ្ឋានជាច្រើនកន្លែង ដែលបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ប្រទេសទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ បើតាមលោកស្រី Thaniwan Kulmongko ដែលជាប្រធានសមាគមន៍ភោជនីយដ្ឋានថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ភោជនីយដ្ឋានក្នុងក្រុងបាងកកដែលបានរងផលប៉ះពាល់ស្ទើរតែក្ស័យធនក្នុងអំឡុងពេលបិទខ្ទប់ប្រទេសនោះគឺមានចំនួនជាង ១០០,០០០ កន្លែង ខណៈពលរដ្ឋដែលត្រូវរស់ដោយពឹកផ្អែកក្នុងវិស័យអាជីវកម្មទាំងនេះគឺមានចំនួនជាង ១ លាននាក់។

    ប្រធានសមាគមន៍រូបនេះបានបន្តថា គោលបំណងនៃការដាក់ញតិ្តទៅកាន់លោកនាយករដ្ឋមន្ត្រីថៃនៅពេលនេះគឺគេចង់ដឹងថា តើរដ្ឋាភិបាលថៃនឹងមានគម្រោងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមភោជនីយដ្ឋានយ៉ាងដូចម្តេច និងជួយនៅពេលណាឲ្យប្រាកដ ព្រោះរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងពីគម្រោងជាក់លាក់ណាមួយរបស់រដ្ឋាភិបាលនៅឡើយទេ ខណៈភោជនីយដ្ឋានមួយចំនួនបានក្ស័យធនរួចទៅហើយ។ លោកស្រ្តី  Thaniwan Kulmongko  បានបញ្ជាក់ថា ការបានដឹងពីគម្រោងជួយសង្គ្រោះជាក់លាក់របស់រដ្ឋាភិបាលនឹងជួយឲ្យម្ចាស់ភោជនីយដ្ឋានអាចរៀបចំផែនការអាជីវកម្មរបស់ពួកគាត់សម្រាប់នៅពេលពេលអនាគតបាន ខណៈតាមគម្រោងគឺខាងសមាគមន៍ភោជនីយដ្ឋានថៃចង់ឲ្យរដ្ឋាភិបាលភិបាលផ្តល់ឱកាសឲ្យភោជនីយដ្ឋានអាចលក់ម្ហូបជាការវេចខ្ចប់ជូនអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ ឬតាមទីតាំងមួយចំនួនដែលអនុញ្ញាតដោយអាជ្ញាធរដើម្បីអាចរកប្រាក់ចំណូលបានខ្លះសម្រាប់បន្តដង្ហើមអាជីវកម្ម៕

    អត្ថបទ៖ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: