ចំនួនពលរដ្ឋស្បែកសនៅអាមេរិកបានធ្លាក់ចុះជាលើកដំបូង ខណៈក្រុមពលរដ្ឋអាមេរិកដើមកំណើតអាស៊ីមានការកើនឡើងខ្ពស់
ចំនួនប្រជាពលរដ្ឋស្បែកសនៅអាមេរិកបានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នេះបើយោងតាមទិន្នន័យនៃការធ្វើជំរឿនប្រចាំឆ្នាំ ២០២០ ខណៈដែលលទ្ធផលផ្លូវការចុងក្រោយនៃការធ្វើជំរឿននេះទើបត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែ សីហា ម្សិលមិញនេះ។ ទិន្នន័យជាក់ស្តែងនៃការធ្វើជំរឿនក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីឆ្នាំ ២០១០ រហូតដល់ ឆ្នាំ ២០២០ ចំនួនពលរដ្ឋស្បែកសបានធ្លាក់ចុះ ៨,៦ % ដែលវាគឺជាការធ្លាក់ចុះលើកដំបូងបើគិតចាប់តាំងពីឆ្នាំ ១៧៩០ មក។

បើទោះជាមានការធ្លាក់ចុះមែនតែក្រុមពលរដ្ឋស្បែកសនៅតែមានចំនួនច្រើនជាងគេ ដោយក្រុមពលរដ្ឋស្បែកសនៅសហរដ្ឋអាមេរិកមានចំនួន ២០៤ លាននាក់ឬស្មើនឹង ៦១,៦% នៃចំនួនពលរដ្ឋសរុប ខណៈនាពេលកន្លងមកចំនួនពលរដ្ឋស្បែកសមានរហូតដល់ ៧២,៤ %ឯណោះ។ ទិន្នន័យក្នុងការធ្វើជំរឿនបានបង្ហាញទៀតថា ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកមានចំនួន ៤១ លាននាក់ឬស្មើនឹង ១២,៤ ភាគ% នៃចំនួនពលរដ្ឋសរុប ហើយក្រៅពីនេះគឺជាក្រុមពលរដ្ឋអាមេរិកដែលមានដើមកំណើតមកពីប្រទេសផ្សេងជាច្រើននៅជុំវិញពិភពលោក។ លទ្ធផលនៃការធ្វើជំរឿនក៏បានបង្ហាញផងដែរថា ចំនួនពលរដ្ឋអាមេរិកមានកំណើតអាស៊ីមានការកើនខ្លាំងគួរឲ្យគត់សម្គាល់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ខណៈក្រុមពលរដ្ឋទាំងនេះមានចំនួនប្រមាណជា ២០ លាននាក់ក្នុងចំណោមពលរដ្ឋអាមេរិកសរុបជាង ៣៣០ លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍